(ត្បូងឃ្មុំ)៖ លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានថ្លែងថា ដើមផ្កាស្បៃរឿង ១លានដើម​កំពុងបង្អួតសម្រស់ជាមួយការរៀបចំ សង្រ្កាន្តស្រុកអូររាំងឪ ដើម្បីទទួលទេវតាឆ្នាំថ្មី ក៏ដូចជាដើម្បីទទួលភ្ញៀវទេសចរ ជាពិសេសអ្នកស្រុកអូររាំងឪ ឱ្យបានទទួលនូវការរីករាយនៅក្នុងឆ្នាំថ្មីនេះបានប្រព្រឹត្តទៅបានយ៉ាងល្អ។

ការលើងឡើងបែបនេះរបស់លោក អ៊ាង សុផល្លែត បានធ្វើឡើងក្នុងលោករួមជាមួយលោកស្រី និងក្រុមការងារ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ព្រះសង្ឃ សិស្សានុសិស្ស រៀបចំពិធីក្រុងពាលី បួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន នៅក្នុងឱកាសនៃការរៀបចំព្រឹត្តិការណ៍សង្ក្រាន្តអូររាំងឪ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅទីតាំងបន់ប្រវត្តិសាស្រ្តទន្លេស្ងួត ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

លោក អ៊ាង សុផល្លែត បានបន្តថា គោលបំណងនៃការដាំផ្កាស្បៃរឿង ១លានដើម និងរៀបចំព្រឹត្តិការណ៍សង្រ្កាន្ត គឺទី១៖ បានបំផុសឱ្យប្រជាជនកម្ពុជា បានទទួលនូវការរីករាយជាមួយឱកាសចូលឆ្នាំថ្មី ទេវតាឆ្នាំថ្មី និងទី២៖ ធ្វើយ៉ាងណាឱ្យការងារផ្សព្វផ្សាយកែលម្អ គាំពារបរិស្ថានឱ្យបានទូលំទូលាយ បើកាលណាបរិស្ថានមានភាពស្រស់ស្រាយប្រជាពលរដ្ឋក៏មានភាពស្រស់ស្រាយផងដែរ។

លោកបានបញ្ជាក់បន្ថែមថា កត្តាសំខាន់នោះ គឺបង្ហាញការរួបរួមសាមគ្គីគ្នា រវាងវិស័យពុទ្ធចក្រ និងអាណាចក្រជាមួយនឹងខាងប្រជាពលរដ្ឋ សិស្សានុសិស្ស ក៏ដូចជាការចូលរួមពីគ្រប់ផ្នែកពាក់ព័ន្ធមិនប្រកាន់និន្នាការ គណបក្សនយោបាយណាមួយឡើយ ដែលនេះគឺជាការបង្ហាញនូវការរួបរួមសាមគ្គីភាព រវាងខ្មែរ និងខ្មែរ ហើយក៏បានឆ្លុះបញ្ចាំងនូវអ្វីដែលយើងទទួលបាននៅពេលនេះ។

គួរបញ្ជាក់ថា ដើមផ្កាស្បៃរឿង ១លានទងនេះនឹងបង្ហាញសម្រស់ស្រស់បំព្រង ដើម្បីទទួលទេវតាឆ្នាំប្រពៃណីជាតិ ពោលគឺក្រោយពេលដាំបានរយៈពេលចន្លោះពី៦៥ ថ្ងៃទៅ៧០ថ្ងៃ។ ដើមផ្កាស្បៃរឿងនេះ និងបង្ហាញសម្រស់ដល់ប្រជាពលរដ្ឋគ្រប់រូប ដែលចង់មកថតលេងកម្សាន្តនៅទីតាំងប្រវត្តិសាស្រ្តទន្លេស្ងួតនេះ។ ទីតាំងទន្លេស្ងួត គឺជាទីតាំងប្រវត្តិសាស្រ្តមួយដែលមានស្តេចជាច្រើនអង្គច្រើនជំនាន់ចាប់តាំងពីស្តេចពញ្ញាយ៉ាត ស្តេចកន ស្តេចច័ន្ទរាជា។ល។ ការរៀបចំនៅទីនេះជាដែនដីប្រវត្តិសាស្រ្តដែនដីស័ក្តិសិទ្ធ ខណៈដែលនៅជិតស្រះនេះមានវត្តព្រះធាតុ គឺជាកន្លែងដែលតម្កល់ទុកនូវសិរីរិកធាតុរបស់ព្រះអង្គ ដែលជាទីគោរពសក្ការៈរបស់ព្រះអង្គស្តេចកន ផងដែរ៕