(កំពង់ចាម)៖ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្ត នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំឲ្យមន្ត្រីទាំងអស់ត្រូវរួមគ្នាធ្វើការ ដើម្បីឲ្យកម្មវិធីរបស់រាជរដ្ឋាភិបាលអនុវត្តទៅប្រកបដោយជោគជ័យ ក្នុងការបម្រើផលប្រយោជន៍ដល់ប្រជាពលរដ្ឋ និងប្រទេសជាតិ។
លោកអភិបាលខេត្ត បានបន្ដទៀតថា រដ្ឋបាលខេត្តកំពង់ចាម ជាស្ថាប័នមួយមានតួនាទី គាំទ្រ និងជំរុញឲ្យកម្មវិធីរបស់រដ្ឋាភិបាល អនុវត្តទៅប្រកបដោយជោគជ័យ និងទទួលបានការសាទរពីប្រជាពលរដ្ឋ ដូច្នេះមន្ត្រីយើងត្រូវខិតខំប្រឹងប្រែងទាំងអស់គ្នា ប្រកបដោយភាពស្មោះត្រង់ ក្នុងការបំពេញនូវកាតព្វកិច្ចរបស់ខ្លួន។
សូមបញ្ជាក់ថា កិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត មានរបៀបវារៈដូចខាងក្រោម៖
*ទី១៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៤៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម
*ទី២៖ ពិនិត្យពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ ប្រចាំត្រីមាសទី១ និងទិសដៅការងារប្រចាំត្រីមាសទី២ ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម
*ទី៣៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាពការងាររយៈពេលបីខែ (មេសា ឧសភា មិថុនា) ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកំពង់ចាម
*ទី៤៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងលើការស្នើសុំផែនការក្របខ័ណ្ឌប្រចាំឆ្នាំ២០២៤
*ទី៥៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងលើការស្នើសុំផែនការក្របខ័ណ្ឌរបស់ មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម ឆ្នាំ២០២៤
*ទី៦៖ បញ្ហាផ្សេងៗ៕