(ភ្នំពេញ)៖ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែមេសា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីក្រោមឱវាទ ព្រមទាំងលោកចៅសង្កាត់សំរោង បានបន្តចុះសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន៤០គ្រួសារ ស្ថិតនៅក្នុងភូមិសំរោងកណ្តាល សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ក្នុងពិធីសំណេះសំណាល ដែលជាការបង្ហាញខ្លួនក្នុងនាមជាថ្នាក់ដឹកនាំខណ្ឌនេះ លោក ធឹម សំអាន ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

ជាមួយគ្នានោះ លោកអភិបាលខណ្ឌ បានជំរាបជូនប្រជាពលរដ្ឋ អំពីការអភិវឌ្ឍន៍ និងការរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ឋរបស់ប្រទេសជាតិ ពិសេសរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

នៅក្នុងឱកាសនោះ លោក ធឹម សំអាន ក៏បានជំរាបជូនប្រជាពលរដ្ឋផងដែរថា រូបលោក និងមន្ត្រីខណ្ឌ គឺជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ ដូច្នេះបើប្រជាពលរដ្ឋជួបបញ្ហាលំបាក ឬបញ្ហាប្រឈមណាមួយ សូមអញ្ជើញទៅតាមសាលាសង្កាត់ ឬតាមស្នាក់ការភូមិ ឬស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលនៅជិតៗផ្ទះ ដើម្បីអាជ្ញាធរដោះស្រាយជូនភ្លាមៗ។

ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីមកដល់ លោកអភិបាលខណ្ឌ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងទៀន ភ្លើងធូប ចង្ក្រានហ្គាស់ ប្រព័ន្ធខ្សែភ្លើងនៅក្នុងផ្ទះ ត្រូវត្រួតពិនិត្យអោយបានហ្មត់ចត់បំផុត មុននិងចេញពីផ្ទះទៅកំសាន្តនៅតាមរម្មណីដ្ឋាននានា បង្កាខ្លាចកើតមានគ្រោះអគ្គិភ័យ។

ជាមួយគ្នានោះ លោក ធឹម សំអាន ក៏បានណែនាំប្រជាពលរដ្ឋ រស់នៅស្អាត ផឹកស្អាត និងចូលរួមថែរក្សាអនាម័យ បរិស្ថាន ព្រមទាំងបន្តចូលរួមអនុវត្តន៍ នូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីថែរក្សាសុខភាព នាឱកាសកំសាន្តសប្បាយបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរយើង៕