(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលរងខេត្តតំណាង លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសបិទផ្សាយ ជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យដីធ្លី មានលក្ខណៈជាប្រព័ន្ធ ក្នុងរយៈពេល១៥ថ្ងៃ សម្រាប់ប្រជាពលរដ្ឋ ដែលមានក្បាលដីទាំង៧ភូមិ គឺភូមិកំពង់ក្របី ភូមិព្រែកតាវង ភូមិកញ្ជើបាយដាច ភូមិវត្តពោធិ៍១ ភូមិអូរបាក្រង និងភូមិទួលចារ ក្នុងឃុំអន្លង់វិល មកពិនិត្យ និងធ្វើការផ្ទៀងផ្ទាត់ មុននឹងចេញប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូន។

ពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នៅបរិវេណវត្តពោធិ៍ ស្ថិតក្នុងភូមិព្រែកតាវង ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ រួមទាំងប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ជាច្រើននាក់ផងដែរ។ លោក លៀម ប៊ុនរឿន ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឱ្យដឹងថា  ឃុំអន្លង់វិលមាន១៦ភូមិ ត្រូវបានមន្ត្រីជំនាញចុះធ្វើការវាស់វែង និងចែកប័ណ្ណកម្មសិទ្ធិជូនដល់ដៃម្ចាស់ដី បានចំនួន៩ភូមិ ស្មើនឹង៤៧២៧ប័ណ្ណ ហើយថ្ងៃនេះយើងបានធ្វើការបិទផ្សាយបន្តចំនួន៧ភូមិទៀត ដែលមានផ្ទៃដី៦១៤៨៨ហិកតា ស្មើនឹង២៥៨៥ក្បាលដី ក្នុងនោះដីលំនៅដ្ឋាន ៨៤១ក្បាលដី ដីកសិកម្ម១៧៣៨ក្បាលដី ក្រៅពីនោះគឺជាដីបឹង ដីទួលអ្នកតា ដីកប់ខ្មោច ដីគណបក្ស និងដីម្ចាស់មិនមកបំពេញទិន្នន័យ។

លោកបានបញ្ជាក់ថា ការបិទផ្យាយរយៈពេល១៥ថ្ងៃ គឺមានគោលបំណង ឱ្យបងប្អូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដីទាំង៧ភូមិ មកពិនិត្យផ្ទៀងផ្ទាត់ ទៅលើប្រភេទដីរបស់ខ្លួន ដោយភ្ជាប់មកជាមួយនូវបង្កាន់ដៃ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ផ្តិតមេដៃនូវចំពោះមុខមន្ត្រីជំនាញនៅប្រចាំការ ដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវ មុននឹងចេញ ប័ណ្ណកម្មសិទ្ធិជាផ្លូវការជូន។ លោក ខូយ រីដា បានថ្លែងអំណរគុណចំពោះ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដែលបានខិតខំបំពេញភារកិច្ច ក្នុងការវាស់វែង និងចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋលើអចលនវត្ថុទាំងដីរដ្ឋ និង ដីឯកជន ឱ្យបានច្បាស់លាស់ ត្រឹមត្រូវ និងផ្លូវការ។

លោកបានលើកឡើងថា ជាច្រើនជំនាន់មកហើយ ប្រជាពលរដ្ឋនៅក្នុងតំបន់ខ្លះ មិនដែលមាន ប័ណ្ណកម្មសិទ្ធិដីធ្លីនោះទេ កត្តានេះវាមានមូលហេតុជាច្រើន ពិសេសសង្រ្គាម ទើបតែសម័យបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលបាន ចំណាយទាំងថវិកា និងធនធានមនុស្សចុះធ្វើការវាស់វែង និងប្រមូលទិន្នន័យដីធ្លី តាំងពីបទបញ្ជាលេខ ០១ គោលនយោបាយចាស់ សកម្មភាពថ្មី ក្នុងគោលបំណង ឲ្យប្រជាពលរដ្ឋយើងទទួលបាននូវសិទ្ធិកាន់កាប់ប្រើប្រាស់ និងបែងចែកដីធ្លី ដោយគ្មានការព្រួយបារម្មណ៍។ ជាមួយគ្នានេះលោកសូមអំពាវនាវ ដល់ប្រជាពលរដ្ឋជាម្ចាស់ក្បាលដី ទៅពិនិត្យ និងធ្វើការផ្ទៀងផ្ទាត់ ឱ្យបានគ្រប់ៗគ្នា ព្រោះយើងដឹងហើយថា កសិករគឺពឹងផ្អែកទៅលើដីទាំងស្រុង សម្រាប់ធ្វើកសិកម្ម អាជីវកម្ម គ្រប់បែបយ៉ាង គប្បីបងប្អូនត្រូវចេះគ្រប់គ្រង ចេះបែងចែក និងប្រើប្រាស់ដីឱ្យបានត្រឹមត្រូវចំគោលដៅ។ ក្នុងនាមរដ្ឋបាលខេត្ត លោកបានអំពាវនាវដល់អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព រួមគ្នាគោរពច្បាប់ចរាចរណ៍ បង្ការទប់ស្កាត់រាល់បទល្មើស និងត្រូវចេះរួមសាមគ្គីគ្ នាជួយគ្នាទៅវិញទៅមក គ្រប់កាលៈទេសៈទើបប្រសើរ៕