(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញជួបសំណេះសំណាល និងពិសាអាហារសាមគ្គី ជាមួយមន្ត្រីរាជការនៅស្រុកព្រៃនប់ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកនាពេលខាងមុខនេះ។

កម្មពិធីពិសារអាហារសាមគ្គីរៀបចំធ្វើឡើងនៅក្នុងបរិវេណ សាលាស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដោយមានការចូលរួមពីលោក អ៉ី ធារិន អភិបាលស្រុកព្រៃនប់ ព្រមទាំងមន្ត្រីរាជការក្នុងមូលដ្ឋានជាច្រើនរូប។

នាឱកាសនោះលោក គួច ចំរើន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំក្នុងស្រុកព្រៃនប់ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលខិតខំលះបង់ពីកម្លាំងកាយចិត្ត គោរពឱ្យតម្លៃតួនាទី យកមកបម្រើសេវាសាធារណៈ ជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយមានមិនមានការរអ៊ូរទាំពីការផ្តល់ជូននៅសេវាផ្សេងៗតាមអង្គភាព ដែលស្របតាមអភិក្រមរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា (ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់)។

លោកអភិបាលបានបន្តថា កន្លមកនេះ បញ្ហាអនាម័យបរិស្ថាន មានការចូលរួមថែរក្សាបានល្អប្រសើរ ដោយមានការសហការចូលរួមបំផុសចលនាពីអាជ្ញាធរ និងបងប្អូនប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះលោក គួច ចំរើន បានលើកឡើងថា កន្លងមកទីក្រុង និងមូលដ្ឋានរបស់យើងត្រូវបានគេរិះគន់ពីអនាម័យ បរិស្ថាន ដោយសារមានការចូលរួមរបស់បងប្អូនក្នុងការចូលរួមការងារសង្គមជាច្រើន ហើយអ្នកបង្កើតសំរាម មានការយល់ដឹង បានចូលរួមវេចខ្ចប់សម្រាម ធ្វើឱ្យទីក្រុងរបស់យើងមានសណ្តាប់ធ្នាប់កាន់តែល្អប្រសើរឡើង ទន្ទឹមនោះក្រុងយើងត្រូវមានសុវត្ថិភាព បរិស្ថានល្អ និងសេវាល្អ ទាមទាឪ្យយើងមានការអប់រំផ្សព្វផ្សាយ អប់រំដល់សមាជិកឱ្យទីក្រុងរបស់យើងស្អាត បងប្អូនជាអ្នកប្រមាញ់ទីក្រុង ព្រោះបងប្អូនមានផលរបរនៅតាមដងផ្លូវ សំខាន់រឿងសន្តិសុខ ស្នើសុំជួយគ្នាដើម្បីទីក្រុងរបស់យើងមានសណ្តាប់ធ្នាប់ សុវត្ថិភាព។

លោកអភិបាលខេត្តក៏បានស្នើសុំឱ្យប្រជាពលរដ្ឋជួយផ្តល់ព័ត៌មានពីសកម្មភាពមិនប្រក្រតីមកដល់អាជ្ញាធរ និងកម្លាំងសមត្ថកិច្ច ក្នុងនាមបងប្អូនជាអ្នកប្រមាញ់ទីក្រុង។ បងប្អូនត្រូវជួយផ្តល់ព័ត៌មានករណីមានក្រុមចោលួច ឆក់ ពិសេសក្រុមលួចកាត់ខ្សែភ្លើងបំភ្លឺសាធារណៈក្នុងក្រុងព្រះសីហនុ យើងរួមគ្នាបង្ការ ទប់ស្កាត់ ដើម្បីឱ្យក្រុងរបស់យើងមានភ្លើងបំភ្លឺផ្លូវដែលជាប្រយោជនសាធារណរបស់យើងទាំងអស់គ្នា ក្នុងនាមជាខ្មែរ យើងត្រូវចេះស្រឡាញ់គ្នា ចេះជួយគ្នាក្នុងពេលមានគ្រាអាសន្ន។

លោក គួច ចំរើន បានបន្តថា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ សុំបងប្អូនចូលរួមជាមួយអាជ្ញាធរ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការរៀបចំតុបតែងផ្ទះសំបែងលើកកម្ពស់សោភ័ណភាព ទទួលទេវតាឆ្នាំថ្មីព្រោះទីក្រុងរបស់យើង ជាទីក្រុងទាក់ទាញភ្ញៀវទេសចរ។ ក្រោយពេលបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលជ្រើសរើសបើកកិច្ចប្រជុំមេគង្គ ដូច្នេះ យើងត្រូវចេះញញឹមរាក់ទាក់ បង្កើតវប្បធម៌ការទាក់ទាញរីករាយសម្រាប់ភ្ញៀវជាតិ អន្តរជាតិ ត្រូវមានគុណធម៌តាមរយៈការផ្តល់សេវាដឹកជញ្ជូនគ្រប់ប្រភេទ។

ក្នុងឱកាសនោះ អភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាចំនួន ៥លានរៀល ដើម្បីលើកទឹកចិត្តក្នុងកម្មពិធីដល់បងប្អូនមន្ត្រីរាជការ អាជ្ញាធរ និងខិតខំបន្តបម្រើកាងារ ជូនប្រជាពលរដ្ឋ និងថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរតទៅមុខទៀត៕