(កំពង់ធំ)៖ រដ្ឋបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ដែលនឹងឈានមកដល់ឆាប់ៗនេះ។
ពិធីនេះបានធ្វើឡើងអធិបតីភាពលោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ នៅវត្តមុន្នីរង្សី (ហៅវត្តថ្មី) ស្ថិតនៅភូមិស្នោ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ លោក ឌិត សាខន ប្រធានក្រុមប្រឹក្សាស្រុក លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើនផងដែរ។
នាឱកាសនោះដែរ លោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើការសាកសួរសុខទុក្ខ និងពរបវរមហាប្រសើរពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនខ្មែរទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងទ្វេតែងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជានិច្ច។
លោកស្រីបានគូសបញ្ជាក់ថា សង្រ្កាន្តចូលឆ្នាំខ្មែរ គឺជាបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរកាន់ព្រះពុទ្ធសាសនា ដែលស្ថិតក្នុងដួងចិត្តខ្មែរគ្រប់រូបតាំងពីបុរាណកាលមក ហើយការរៀបចំសង្រ្កានឆ្នាំនេះ ដើម្បីជាលើកទឹកចិត្តដល់មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្រោយពីបានបំពេញការងាររៀងៗខ្លួនអស់រយៈពេលពេញ១ឆ្នាំ ក្នុងការបំពេញតាមតួនាទី និងភារកិច្ចរបស់ខ្លួនដើម្បីប្រទេសជាតិ សង្គមគ្រួសារដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ និងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។
លោកស្រីបានបន្តថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាពបានផ្តល់នូវភាពសុខសាន្តដូចសព្វថ្ងៃនេះ សន្តិភាពបានផ្តល់នូវភាពរីកចម្រើនលូតលាស់គ្រប់ផ្នែក និងសន្តិភាពបានផ្តល់ឱ្យប្រជាពលរដ្ឋមានឱកាសដើរកម្សាន្តគ្រប់ទីកន្លែងដោយសុខសុវត្ថិភាព ហើយរាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន តែងតែយកចិត្តទុកដាក់ថែរក្សានូវកេរ្តិ៍ដំណែលរបស់ដូនតាយើង ហើយបាននូវសិល្បៈវប្បធម៌មួយចំនួន ជាបេតិកភ័ណពិភពលោកជាបន្តបន្ទាប់ទៀតផង។
លោកស្រី ឃួន ឃុនឌី បានផ្តាំផ្ញើប្រជាពលរដ្ឋ ជាពិសេសប្អូនៗយុវជន យុវនារីដែលជាទំពាំងស្នងឫស្សី និងជាកូនខ្មែរជំទាន់ក្រោយត្រូវខិតខំថែរក្សាសន្តិភាពមិនត្រូវជឿការឃោសនាបោកប្រាស់ពួកអគតិ ដើម្បីអំណាច និងបក្សពួកខ្លួនមួយក្តាប់តូចប៉ុណ្ណោះទេ និងត្រូវចូលរួមថែរក្សាសម្បត្តិវប្បធម៌របស់ជាតិខ្មែរឱ្យបាននៅគង់វង្សសម្រាប់បន្តវេនទុកឱ្យកូនចៅជំនាន់ក្រោយ។
លោកស្រី ឃួន ឃុនឌី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ ចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អក្នុងការទាក់ទាញភ្ញៀវទេសចរមកទស្សនាប្រទេសកម្ពុជា ដើម្បីជំរុញខឿនសេដ្ឋកិច្ចឱ្យមានការរីកចម្រើន៕