(ព្រះសីហនុ)៖ ជនជាតិចិន២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងព្រះសីហនុ ចាប់ខ្លួនជាមួយថ្នាំញៀនចម្រុះជាង២០០កញ្ចប់។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។

ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះថា ជនសង្ស័យជនជាតិចិនទាំង២នាក់នេះ ត្រូវបានចាប់ខ្លួននៅពេលកម្លាំងសមត្ថកិច្ច ចុះត្រួតពិនិត្យ និងឆែកឆេរអាវុធជាតិផ្ទុះតាមដងផ្លូវ។

បើតាមលោកឧត្តមសេនីយ៍ស្នងការ រថយន្ដដែលជនជាតិចិនទាំង២នាក់ ជិះនោះម៉ាក Land Cruiser ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2BU-1278។ ក្នុងរថយន្ដសមត្ថកិច្ចរកឃើញ កញ្ចប់ពណ៍ខៀវរូបទំពាំងបាយជូរ Crispy fruit ចំនួន២០០កញ្ចប់ (សង្ស័យសារធាតុញ្ញៀន), កញ្ចប់រូបតុកាតា សង្ស័យសារធាតុញៀនចំនួន១៥កញ្ចប់, កញ្ចប់ពណ៌ខ្មៅ សង្ស័យសារធាតុញៀន ចំនួន១០កញ្ចប់ និងម្សៅក្រាមពណ៌ស សង្ស័យសារធាតុញៀន ចំនួន១កញ្ចប់។

ចំពោះជនសង្ស័យជនជាតិចិនទាំង០២នាក់ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដេីម្បីធ្វេីការសាកសួរ និងចាត់ការតាមនីតិវីធី៕