(ភ្នំពេញ)៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ «ប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការចុះឈ្មោះក្នុងបញ្ជីភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គលតាមប្រព័ន្ធស្វ័យប្រវត្តកម្ម» នា​ថ្ងៃទី១១ ខែមេសា ​ឆ្នាំ២០២៣នេះ ​នៅខេត្តសៀមរាប ដើម្បីបញ្ជ្រាបការយល់ដឹងអំពីវិស័យធានារ៉ាប់រង ក៏ដូចជាលើកកម្ពស់ការចូលរួមអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីការធានារ៉ាប់រង ពីសំណាក់ប្រតិបត្តិករ រូបវន្តបុគ្គលដែលកំពុងប្រកបវិជ្ជាជីវៈជាភ្នាក់ងារធានារ៉ាប់រង និងភាគីពាក់ព័ន្ធក្នុងវិស័យធានារ៉ាប់រង។ ​

សិក្ខាសាលានេះបានរៀបចំឡើងក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ​លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ និយ័តករធានារ៉ាប់រងកម្ពុជា អមដោយលោកប្រធាននាយកដ្ឋាន និងមន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងអាជ្ញាបណ្ណ និងកិច្ចការគតិយុត្ត និងមានការអញ្ជើញចូលរួមពី ​លោក នាក់ ណេរ៉ុន អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងតំណាងក្រុមហ៊ុនធានារ៉ាប់រង គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលជាភ្នាក់ងារធានារ៉ាប់រង និស្សិត និងសាធារណជនផងដែរ។

ការរៀបចំសិក្ខាសាលានេះ ជាយន្តការមួយក្នុងការផ្សព្វផ្សាយ និងការអប់រំសាធារណជន ស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២១-២០៣០ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងអំពីវិស័យធានារ៉ាប់រង និងខ្លឹមសារប្រកាសស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការចុះឈ្មោះក្នុងបញ្ជីភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គលតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ក៏ដូចជាលើកកម្ពស់ការចូលរួមអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្តស្តីពីការធានារ៉ាប់រង ពីសំណាក់ប្រតិបត្តិករ រូបវន្តបុគ្គលដែលកំពុងប្រកបវិជ្ជាជីវៈជាភ្នាក់ងារធានារ៉ាប់រង និងភាគីពាក់ព័ន្ធក្នុងវិស័យធានារ៉ាប់រង។

តាមរយៈបទបង្ហាញរបស់មន្ត្រីនៃនាយកដ្ឋានគ្រប់គ្រងអាជ្ញាបណ្ណ និងកិច្ចការគតិយុត្ត អង្គសិក្ខា​សាលាបានយល់ដឹងយ៉ាងលម្អិតអំពីដំណើរការស្នើសុំចុះឈ្មោះក្នុងបញ្ជីភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គលតាមប្រព័ន្ធស្វ័យប្រវត្តកម្ម និងគោលការណ៍ជាមូលដ្ឋាន និងការអនុវត្តនៃខ្លឹមសារប្រកាស ស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការចុះឈ្មោះក្នុងបញ្ជីភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គលតាមប្រព័ន្ធស្វ័យប្រវត្តកម្ម ដើម្បីធានាប្រសិទ្ធភាពក្នុងការគ្រប់គ្រងវិជ្ជាជីវៈនិងសកម្មភាពរបស់ភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គល។

សិក្ខាកាមបានបង្ហាញនូវការយកចិត្តទុកដាក់ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់និយ័តករធានារ៉ាប់រងកម្ពុជា ក្នុងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនេះឡើង ដែលមានសារៈសំខាន់ដល់ប្រតិបត្តិករ រូបវន្តបុគ្គលដែលកំពុងប្រកបវិជ្ជាជីវៈជាភ្នាក់ងារធានារ៉ាប់រង និងភាគីពាក់ព័ន្ធក្នុងវិស័យធានារ៉ាប់រង ដើម្បីស្វែងយល់អំពីខ្លឹមសារនៃប្រកាសនេះ។ បន្ថែមពីនេះ សិក្ខាកាមបានចូលរួមយ៉ាងសកម្ម និងបានផ្លាស់ប្តូរនូវមតិយោបល់យ៉ាងផុសផុលជុំវិញបញ្ញត្តិសំខាន់ៗដែលមានចែងក្នុងប្រកាសនេះ រួមមានជាអាទិ៍ បុគ្គលដែលជាកម្មវត្ថុចាត់ចូលក្នុងកាតព្វកិច្ចចុះឈ្មោះក្នុងបញ្ជីភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គល លក្ខខណ្ឌគោលនិងឯកសារតម្រូវសម្រាប់ចុះឈ្មោះក្នុងបញ្ជីភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គល ការបន្តសុពលភាពបណ្ណចុះបញ្ជីភ្នាក់ងារធានារ៉ាប់រងជារូបវន្តបុគ្គល និងលក្ខខណ្ឌមិនបន្តសុពលភាពបណ្ណចុះបញ្ជីភ្នាក់ងារធានា​រ៉ាប់រងជារូបវន្តបុគ្គល​៕