(ភ្នំពេញ)៖ ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌឫស្សីកែវជិត១០០នាក់ ដែលមកពីតាមបណ្ដា ភូមិ-សង្កាត់ទាំង៦ ក្នុងខណ្ឌបានជួបសំណេះសំណាល និងទទួលឯកសណ្ឋានពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខណ្ឌ ដែលបានធ្វើឡើងនារសៀលថ្ងៃអាទិត្យទី១០ ខែកក្កដា ឆ្នាំ២ ០១៦នេះ ស្ថិតក្នុងសាលប្រជុំ អាគារA នៃសាលាខណ្ឌឫស្សីកែវ។
លោក ជា ពិសី បានថ្លែង និងលើក ឡើងទៅកាន់ក្រុមយុវជនទាំងអស់ថា ការសំណេះសំណាល និងពិភាក្សាគ្នារវាងក្រុមយុវជន និងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា របស់យើងអាចមានថ្ងៃនេះបាន ក៏ព្រោះតែយើងទាំងអស់គ្នាមានថ្ងៃ២ធ្នូ និងថ្ងៃ៧មករា ទើបមានថ្ងៃនេះ។ លោក ជា ពិសី បានបន្តថា ដើម្បីបង្កើនភាពស្និតស្នាល និងរាយការណ៍ជូនរាល់សកម្មភាព មិនប្រក្រតីផ្សេងៗ ដែលកើតមានតាមបណ្ដាមូលដ្ឋាន សូមឲ្យក្រុមយុវជនជួយសហការ រាយការណ៍មកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌឫស្សីកែវតាមរយះឆាត Facebook ផ្ទាល់ ដែលមានលោកអភិបាលជាប្រធាន។
លោក ជា ពិសី បានបន្ថែមថា បន្ទាប់ពីបញ្ចប់នៃកិច្ចសំណេះសំណាលនេះ ក្រុមយុវជនទាំងអស់ ដែលមានវត្តមាននាខណៈនេះ ត្រូវបានចូលរួមពិសារអាហារយ៉ាងសប្បាយរីករាយរួមគ្នា ដើម្បីបង្កើនភាពស្និតស្នាលឲ្យកាន់តែស៊ីជម្រៅ រវាងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌឫស្សីកែវ និងក្រុមយុសហភាពសហព័ន្ធយុវជនកម្ពុជាជាង១០០នាក់ មកពីសង្កាត់ទាំង៦ ទទួលបានឯកសណ្ឋានពីអភិបាលខណ្ឌឫស្សីកែវ៕