(ស្ទឹងត្រែង)៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រតិភូអមដំណើបានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយនាយទាហាន ពលទាហាន ចំនួន៤៨០នាក់ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី១ នាខេត្តស្ទឹងត្រែង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្ដីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមនឹងនាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ជូនដល់បងប្អូននាយទាហាន ពលទាហានទាំងអស់ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី១។
លោករដ្ឋមន្រ្តី បានលើកឡើងនូវចំណុចគន្លឹះថា ចំណុចជាយុទ្ធសាស្រ្តរបស់កម្ពុជាគឺរក្សាឱ្យបាន «សុខសន្តិភាព»។ នៅកម្ពុជា ក៏ដូចជានៅក្នុងសកលលោកទាំងមូល មានសន្តិភាពទើបមានអ្វីផ្សេងៗទៀតបាននោះគឺការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ជាពិសេសប្រជាពលរដ្ឋទទួលសិទ្ធិជាមូលដ្ឋានរបស់ខ្លួន គឺសិទ្ធិរស់រានមានជីវិត និងការអភិវឌ្ឍខ្លួនឯង គ្រួសារ និងសង្គមជាតិទាំងមូល។
ឆ្លៀតក្នុងឱកាសនោះ លោក សាយ សំអាល់ បានបន្តថា ក្នុងនាមជានាយទាហាន ពលទាហាន ត្រូវមានភាពច្បាស់លាស់អំពីដំណើរកម្ពុជា ត្រូវស្វែងយល់ តាមដានឱ្យជាប់នូវសភាពការណ៍ និន្នាការភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចសកលដែលវិវឌ្ឍឥតឈប់ឈរ។
នាំមកជាមួយនាពេលនោះ ប្រតិភូក្រសួងបរិស្ថាន បាននាំយកអំណោយសម្ព័ន្ធមេត្រីភាព ជូនទីបញ្ជាការដ្ឋានយោធភូមិភាគទី១ ដែលរួមមាន រថយន្ត Ford Transit ចំនួន ១គ្រឿង ម៉ូតូ Suzuki Smash V ចំនួន ៥គ្រឿង និងគ្រឿងឧបភោគ បរិភោគ ជូនទីបញ្ជាការដ្ឋានយោធភូមិភាគទី១ ផងដែរ។
គួរបញ្ជាក់ថា អញ្ជើញចូលរួមជាគណៈធិបតីនាឱកាសនោះរួមមានលោក ស្វាយ សំ អ៊ាង អភិបាលខេត្តស្ទឹងត្រែង, ឧត្តមសេនីឯក ហួត ឈាង មេបញ្ជាការងកងទ័ពជើងគោក និងជាមេបញ្ជាការទីបញ្ជាការដ្ឋានយោធភូមិភាគទី១ រួមនឹងថ្នាក់ដឹកនាំក្រសួងបរិស្ថានជាច្រើនរូប៕