(សៀមរាប)៖ តំណាងស្ថាប័ន Guinness World Records ដែលបានមកដល់ក្រុងសៀមរាប នៅព្រឹក១១ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីត្រួតពិនិត្យ និងរាប់ «បេះដូងច្រើនជាងគេលើពិភពលោក» ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ដើម្បីដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម។
លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានទទួលស្វាគមន៍ដោយផ្ទាល់ លោកស្រីតំណាង Guinness World Records នៅលើទឹកដីអង្គរ បានបញ្ជាក់យ៉ាងដូច្នេះថា «សូមស្វាគមន៍ តំណាងស្ថាប័ន Guinness World Records ដែលបានមកដល់ក្រុងសៀមរាប នាព្រឹកថ្ងៃ១១ ខែមេសា ឆ្នាំ២០២៣ ដើម្បីត្រួតពិនិត្យ និងរាប់ (បេះដូងច្រើនជាងគេលើពិភពលោក) ដែលតាំងបង្ហាញនៅប្រាសាទអង្គរវត្ត ដើម្បីដាក់បញ្ចូលក្នុងការបំបែកឯតទគ្គកម្ម»។
លោក ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា នៅសល់ត្រឹមតែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ ការបំបែកឯតទគ្គកម្ម «បេះដូងច្រើនជាងគេលើពិភពលោក» នឹងធ្វើឡើងជាផ្លូវការនាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៤រសៀលតទៅ នៅបរិវេណប្រាសាទអង្គរវត្ត។ ដូច្នេះសូមអញ្ជើញប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា ដើម្បីជាសក្ខីភាព នៃការបំបែកឯតទគ្គកម្មពិភពលោកនេះ។
សូមជម្រាបថា បេះដូងដែលបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត គឺបានមកពីការចូលរួមបត់បេះដូងពីពុកម៉ែ បងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស និងយុវជនគ្រប់ទិសទីរួចមក ដើម្បីយកមករៀបចំជា «សួនបេះដូង» លើទឹកដីអង្គរដ៏ពិសិដ្ឋនៃយើងទាំងអស់គ្នា ត្រៀមបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និងត្រៀមបំបែកកំណត់ត្រាពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក»៕