(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ និងលោកស្រី ឧកញ៉ាហេមចិត្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភបណ្ឌិត ម៉ៅ ម៉ាល័យ កែគឹមយ៉ាន បានដឹកនាំក្រុមការងារគ្រប់ថ្នាក់ អាជ្ញាធរដែនដី ប្រារព្ធពិធីបួងសួងស្តេចក្រុងពាលី សុំសេចក្តីសុខជូនប្រជាពលរដ្ឋ ក្នុងឱកាសចូលឆ្នាំប្រពៃណីជាតិខ្មែរ និងព្រឹត្តិការណ៍សង្រ្កាន្តបន្ទាយឆ្មារ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ នៅប្រាសាទបន្ទាយឆ្មារ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក។
ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ព្រមទាំងក្រុមការងារទាំងអស់ បានបូជាគ្រឿងសក្ការៈបូជា មាន ទៀនធូប ផ្កាភ្ញី គ្រាប់ធុញជាតិ បន្លែ និងភេសជ្ជថ្វាយបារមីស្តេចក្រុងពាលី និងបួងសួងដល់ទេវតាឆ្នាំថ្មី ព្រះនាមកិមិរាទេវី បុត្រីទី៦ នៃកបិលមហាព្រហ្ម ដែលនឹងយាងមកគ្រប់គ្រងអភិបាលមនុស្សលោកយើង នៅចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ សូមប្រោសព្រំប្រទានពរជ័យបវរមហាប្រសើរ ជូនដល់ប្រជាពលរដ្ឋទូទាំងព្រះរាជណាចក្រកម្ពុជា សូមជួបប្រទះតែពុទ្ធពរ និងពរប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន និងលោកស្រី ព្រមទាំងក្រុមការងារ បានឆ្លៀតសំណេះសំណាលជាមួយយុវជនសម្អាតបរិស្ថាន និងបានឧបត្ថម្ភថវិកា៥លានរៀល និងទឹកសុទ្ធចំនួន១០០កេសផងដែរ៕