(កណ្តាល)៖ លោក វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា អនុប្រធានគណៈពង្រឹងមូលដ្ឋាន ខេត្តកណ្តាល និងជាប្រធានគណៈពង្រឹងមូលដ្ឋានស្រុកមុខកំពូល នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋាន ស្រុកមុខកំពូល ដើម្បីបូកសរុបលទ្ធផលការងារគណបក្សប្រចាំឆមាសទី១ ឆ្នាំ២០១៦ និងលើកទិសដៅសម្រាប់ អនុវត្តបន្តនៅឆមាសទី២។
តាមរបាយការណ៍បូកសរុបសភាពការណ៍ទូទៅ នៅក្នុងស្រុកមុខកំពូល និងអំពីសកម្មភាពការងារដែលគណៈពង្រឹងស្រុកសម្រេចបាន ពេលកន្លងមក ពិសេសសកម្មភាពចូលរួមនៅក្នុងកិច្ចអភិវឌ្ឍន៍ លើគ្រប់វិស័យ នៅក្នុងមូលដ្ឋានស្រុកមុខកំពូល ទាំងផ្នែកពុទ្ធចក្រ ទាំងផ្នែកអាណាចក្រ, ការងារបូមទឹក, ការធ្វើសកម្មភាពមនុស្សធម៌ និងសង្គមផ្សេងៗ ព្រមទាំងការចូលរួមដោះស្រាយបញ្ហាបាតុភាព នានា ដែលកើតឡើងនៅមូលដ្ឋាន។
អង្គប្រជុំក៏បានពិនិត្យ និងពិភាក្សាលើលទ្ធផលនៃស្ទាប់ស្ទង់មតិ និងសតិអារម្មណ៍ផ្សេងៗរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។ លោក វង្សី វិស្សុត បានជម្រាបជូនមន្រ្តីគណបក្សទាំងអស់ ពិសេសមន្រ្តីបក្សដែលមកពីបណ្តាឃុំនានា អំពីស្ថានភាពវិវត្តន៍ខាង នយោបាយនាពេលថ្មីៗនេះ ដែលកំពុងបានបង្ហាញពីចំណុចមានប្រៀប របស់គណបក្សប្រជាជនកម្ពុជាយើង។
ជាមួយគ្នានេះលោកប្រធានគណៈពង្រឹងស្រុក បានជម្រាបជូនដល់មន្រ្តីបក្សមូលដ្ឋានបាន ជ្រាបអំពីការឃោសនាញុះញង់ បំផុសបំភ្លៃ បំភ្លើស និងបំប៉ោងការពិតរបស់បក្សដទៃ និងក្រុមមនុស្សមួយចំនួន លើប្រធានបទផ្សេងៗ ដើម្បីធ្វើឱ្យសាធារណៈមតិជាតិ និងអន្តរជាតិ មានការភ័ន្តច្រលំ។
លោកប្រធានបានស្នើឱ្យមន្រ្តី បក្សគ្រប់លំដាប់ថ្នាក់ត្រូវចេះប្រើប្រាស់នូវចំណុចមានប្រៀបនេះ ដើម្បីបន្តបម្រើប្រជាជន បន្តកំណែទម្រង់ ដោយស្មោះត្រង់ និងបន្តដោះស្រាយបញ្ហារបស់ប្រជាជនដោយសកម្ម ហើយត្រូវបន្តអនុវត្តសកម្មភាពចញ្ចឹមចលនាឱ្យដូចជាភ្លៀងរលឹម ពិសេសការចូលរួមជាមួយបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈសកម្មភាពសង្គម វប្បធម៌ និងសាសនាព្រមទាំងបន្តចូលរួម គាំទ្រដល់សកម្មភាពមនុស្សធម៌ និងសង្គមផ្សេងៗ ដើម្បីចិញ្ចឹមការគាំទ្រ និងចិញ្ចឹមការទាក់ទាញ ពិសេសបន្តលុបបំបាត់ភាពអសកម្ម ផ្សេងៗពាក់ព័ន្ធនឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ រួមទាំងការពង្រឹងការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព។
លោកប្រធានគណៈពង្រឹងស្រុកបានផ្តល់ការណែនាំដល់គណៈពង្រឹងគ្រប់លំដាប់ថ្នាក់ឱ្យអនុវត្តនូវរបៀបរបបការងារថ្មីនិងត្រូវបន្តបង្កើន សកម្មភាពចុះមូលដ្ឋាន ពិសេសការចូលរួមដោះស្រាយផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្សេងៗនៅក្នុងមូលដ្ឋានរបស់ខ្លួន។លោកប្រធាន គណៈពង្រឹងស្រុក ក៏បានផ្តល់ការណែនាំបន្ថែមផងដែរ ពាក់ព័ន្ធនឹងការអនុវត្តផែនការសកម្មភាពឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ ឆ្នាំ២០១៧ ខាងមុខ ជាពិសេសសកម្មភាពស្នូលមួយចំនួន ដូចជា ការធ្វើវេទិការសាធារណៈការធ្វើ អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ និងការចុះឈ្មោះបោះឆ្នោត ព្រមទាំងការរៀបចំធ្វើសន្និបាតគណបក្សឃុំដើម្បីឆ្ពោះទៅកាន់ជ័យជំនះ នៅក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តឆ្នាំ២០១៨ ខាងមុខនេះ៕