(ភ្នំពេញ)៖ ដោយអនុវត្តតាមការណែនាំរបស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំរួម របស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការរួម ដល់ លោកប្រធានមន្ទីរទាំង៧ លោកមេបញ្ជាការមូលដ្ឋានអាវុធហត្ថ ខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច។
កិច្ចប្រជុំ បានធ្វើការណែនាំឲ្យត្រួតពិនិត្យ ទាំងមធ្យោបាយ សម្ភារគ្រឿងបំពាក់ និងកម្លាំងប្រតិបត្តិការ ដើម្បីសម្រេចបាននូវកិច្ច ការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក៏ដូចជាព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ និង អាស៊ាន ប៉ារ៉ា ហ្គេម លើកទី១២ ដែលប្រទេសកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ នៅពេលខាងមុខដ៏ខ្លីនេះ ព្រមទាំងព្រឹត្តិការណ៍បោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ និតិកាលទី៧ នៃរដ្ឋសភាផងដែរ៕