(កំពត)៖ ប៉មសម្រាប់ទស្សនាសត្វស្លាបកម្ពស់ ១៦ម៉ែត្រសាងសង់ដោយប្រើប្រាស់ថវិកាពីការលក់ឥណទានកាបូន ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់បម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិផ្សារភ្ជាប់ទឹកដី និងការសិក្សាស្រាវជ្រាវពីប្រភេទសត្វស្លាបនានានៅក្នុងតំបន់ការពារទេសភាពបឹងអន្លង់ព្រីង ស្ថិតក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។
ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប៉មនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក នៃ គង់ អភិបាលរងខេត្តកំពត និងមន្ត្រីជំនាញក្រសួងបរិស្ថាន អង្គការដៃគូអភិរក្ស និងប្រជាសហគមន៍ក្នុងឃុំបឹងសាលាខាងត្បូង និងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាចដែលមានតំបន់ការពារទេសភាពនេះ។
ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ប៉មសម្រាប់ទស្សនាសត្វស្លាបនេះ អាជ្ញាធរ និងប្រជាសហគមន៍អបអរសាទរនឹងសមិទ្ធផលថ្មីនេះ និងជឿជាក់ថាភ្ញៀវទេសចរជាតិ និងអន្តរជាតិនឹងអញ្ជើញមកទស្សនាសត្វស្លាបជាពិសេសសត្វក្រៀលនៅតំបន់នេះកាន់តែច្រើនបន្ថែមទៀត អាចបង្កើតការងារ និងបង្កើតចំណូលដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។
លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាន បានសាងសង់ប៉មទស្សនាសត្វស្លាបជូនដល់តំបន់ការពារទេសភាពដែលជាតំបន់ការពារធម្មជាតិក្នុងគោលបំណងបម្រើកិច្ចការពារ និងអភិរក្សធនធានធម្មជាតិបន្ថែមទៀត និងជំរុញឱ្យតំបន់ការពារធម្មជាតិ ក្លាយជាកន្លែងដែលអាចទាក់ទាញទេសចរជិតឆ្ងាយឱ្យមកទស្សនា ដែលបានរួមចំណែកសំខាន់ដល់ការអភិវឌ្ឍវិស័យទេសចរណ៍ផ្សារភ្ជាប់ទឹកដី ដើម្បីជួយគាំទ្រចំណូលបន្ថែមទៀតដល់ប្រជាសហគមន៍ និងជួយដល់សេដ្ឋកិច្ចជាតិផងដែរ។
លោករដ្ឋលេខាធិការ បានបន្តថា ក្រសួងបរិស្ថានបាន និងកំពុងសាងសង់ប៉មសម្រាប់មើលសត្វចំនួន ១០កន្លែង ស្ថិតក្នុងខេត្តបាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ព្រៃវែង តាកែវ កំពត កែប និងកំពង់ចាម។ ប៉មចំនួន ០៧ត្រូវបានសាងសង់រួចរាល់ជាស្ថាពរនិងបានដាក់ឱ្យប្រើប្រាស់ជាបន្តបន្ទាប់ហើយ និងប៉មចំនួន ០៣កន្លែងទៀត បានជ្រើសរើសទីតាំងរួចរាល់ ហើយបាននិងកំពុងសាងសង់ជាបន្តបន្ទាប់។
តំបន់ការពារទេសភាពអន្លង់ព្រីង ជាតំបន់ការពារមួយក្នុងចំណោមតំបន់ការពារទាំង០៤ ក្នុងភូមិសាស្រ្តខេត្តកំពត មានផ្ទៃដីសរុបទំហំ ២១៧ហិកតា ស្ថិតក្នុងភូមិចំនួន០៣ (ភូមិច្រេស ភូមិកោះចំការ និងភូមិកោះត្នោត ឃុំចំនួន០២ (ឃុំបឹងសាលាខាងត្បូង និងឃុំព្រែកក្រឹស) ស្រុកកំពង់ត្រាច ខេត្តកំពត។ ការបង្កើតតំបន់ការពារទេសភាពអន្លង់ព្រីងនេះ ក្នុងគោលបំណងថែរក្សា ការពារ និងអភិរក្ស ធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ី វប្បធម៌ និងជីវចម្រុះក្នុងតំបន់នេះ ជាពិសេសវាជាទីជម្រក និងកន្លែងរកចំណីរបស់សត្វក្រៀល និងពពួកសត្វស្លាប់ជាច្រើនទៀតសរុបចំនួន៩៣ប្រភេទ។ សត្វក្រៀល ជាប្រភេទសត្វកម្រដែលជិតផុតពូជនៅលើពិភពលោក និងតែងតែមានវត្តមាននៅតំបន់ការពារទេសភាពបឹងអន្លង់ព្រីងនៅរៀងរាល់ឆ្នាំក្នុងកំឡុងខែធ្នូ ដល់ខែឧសភា។
លោក នេត្រ ភក្ត្រា បានលើកឡើងថា ឆ្នាំ២០២៣នេះ សត្វក្រៀលដែលមានវត្តមាននៅតំបន់ការពារទេសភាពបឹងអន្លង់ព្រីងសរុបចំនួន ១០៣ក្បាល (ជំទង់ ០៩ក្បាល) មានការកើនឡើងចំនួន ៦ក្បាល បើធៀបទៅនឹងឆ្នាំ២០២២ ដែលមានសត្វក្រៀលចំនួន ៩៧ក្បាល (ជំទង់១១ក្បាល)។
លោក នៃ គង់ បានថ្លែងថា បានថ្លែងអបអរសាទរសមិទ្ធផលថ្មីនេះ ដែលជាការចូលរួមចំណែកក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ និងការអភិវឌ្ឍតំបន់ការពារទេសភាពបឹងអន្លង់ព្រីងនេះ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ដើរកម្សាន្ត និងមើលសត្វស្លាបជាច្រើនប្រភេទ ជាពិសេសសត្វក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីង នេះ ដែលគ្របដណ្តប់ទៅដោយធនធានធម្មជាតិ និងសត្វស្លាបគ្រប់ប្រភេទ ដែលមានសក្តានុពលពុំអាចកាត់ថ្លៃបានរួមមាន សត្វស្លាបសរុបចំនួន ៩៣ប្រភេទ ជាពិសេសសត្វក្រៀល គឺជាសត្វកម្រជិតផុតពូជ តែងតែមករកចំណីនៅតំបន់នេះជារៀងរាល់ឆ្នាំ ចាប់ពីខែធ្នូ ដល់ខែឧសភា។
ក្នុងឱកាសនោះដែរ អ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គណៈកម្មការសហគមន៍ និងអង្គការដៃគូ ចំនួន០២ រួមមានអង្គការ Nature Life Cambodia និងអង្គការ WWT ដែលតែងចូលរួមគាំទ្រយ៉ាងសកម្មក្នុងការការពារនិងអភិរក្សតំបន់ការពារទេសភាពអន្លង់ព្រីង ទទួលបានលទ្ធផលល្អប្រសើរដូចសព្វថ្ងៃនេះ។ ក្រសួងបរិស្ថានជឿជាក់ថា អ្នកទាំងអស់គ្នានឹងបន្តចូលរួមថែរក្សា ការពារ និងអភិរក្សធនធានធម្មជាតិក្នុងតំបន់នេះ ឱ្យបានគង់វង្ស និងមាននិរន្តរភាព ដើម្បីកូនចៅជំនាន់ក្រោយ និងដើម្បីជាឧត្តមប្រយោជន៍ចំពោះសាធារណៈជនផងដែរ។
លោកបានលើកឡើងថាក្នុងការគាំទ្រលើការអភិរក្ស អង្គការ Nature Life Cambodia និងដៃគូបានបង្កើតកម្មវិធីអង្ករស្រូវក្រៀលដើម្បីគាំទ្រជីវភាពប្រជាពលរដ្ឋ និងផ្តល់ជាចំណីសម្រាប់សត្វក្រៀលផងដែរ។ ជាមួយគ្នានេះ គម្រោងសិប្បកម្មមួយចំនួនក៏ត្រូវបានបង្កើតឡើងដើម្បីផលិតវត្ថុអនុស្សាវរីយ៍លក់ជូនភ្ញៀវទេសចរ៕