(កណ្តាល)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានជួបសំណេះសំណាល និងចែកអំណោយជូនលោកយាយ លោកតាក្រីក្រចំនួន ១០០នាក់ នៅភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្តាល ដើម្បីចំណងដៃសម្រាប់ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ដែលនឹងឈានមកដល់ឆាប់ៗនេះ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងការពារជាតិ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប្រជាពលរដ្ឋមួយចំនួនផងដែរ។

ក្នុងឱកាសជួបជុំនេះ នាយឧត្តមសេនីយ៍ នាង ផាត បាននាំនូវការសួរសុខទុក្ខ និងពាក្យជូនពរ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជូនចំពោះលោកយាយ លោកតា ព្រមទាំងប្រជាពលរដ្ឋទាំងអស់គ្នាផងដែរ។

ឆ្លៀតក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ នាង ផាត ក៏បានរំលឹកពីអនុស្សាវរីយ៍ដ៏សែនជូរចត់ គ្រាដែលលោកបានរត់មករស់នៅជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភូមិព្រែកបង្កង ឃុំព្រែកតាកូវនេះ ដោយបងប្អូនប្រជាពលរដ្ឋនៅទីនេះ បានជួយយកអាសារ និងលាក់បាំងរូបលោក និងយុទ្ធមិត្តរួមអាវុធផ្សេងទៀតពីពួកខ្មែរក្រហម ដែលកំពុងតាមសម្លាប់។

នាយឧត្តមសេនីយ៍ នាង ផាត បានបន្តថា ទោះក្នុងកាលៈទេសៈណាក៏ដោយ យើងទាំងអស់គ្នា គឺត្រូវចងចាំជានិច្ចនិងដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេចធ្លាប់បានយកជីវិតធ្វើជាដើមទុន ស្វែងរកការសង្គ្រោះជាតិ រហូតបានរំដោះជីវិតប្រជាជនកម្ពុជា នាថ្ងៃ៧មករា ឆ្នាំ១៩៧៩ ឱ្យរួចផុតពីរបបវាលពិឃាតដ៏ឃោរឃៅ ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ហើយសម្តេចតេជោ ជាស្ថាបនិកនយោបាយ ឈ្នះឈ្នះ ជាមគ្គុទ្ទេសក៍ឯក ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញដែលកម្ពុជាពុំធ្លាប់មានជាង៥០០ឆ្នាំ ក្រោយសម័យអង្គរ ហើយសម្តេចជាមេដឹកនាំដ៏ឆ្នើម ដែលបានដឹកនាំកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ។

នាយឧត្តមសេនីយ៍ នាង ផាត បានលើកឡើងថា ជាពិសេសក្នុងកាលៈទេសៈនៃការរាតត្បាតនូវជំងឺឆ្លងកូវីដ១៩ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការអន្តរាគមន៍ជាច្រើនយ៉ាងមានប្រសិទ្ធិភាព ក្នុងការប្រឆាំងកូវីដ១៩ បានស្តារនូវស្ថានភាពកម្ពុជា ឱ្យវិលមករកភាពប្រក្រតីយ៉ាងឆាប់រហ័ស សង្គ្រោះជីវិតប្រជាជនកម្ពុជាជាលើកទី២ បន្ទាប់ពីថ្ងៃ៧ មករា ១៩៧៩ ធ្វើឱ្យយើងមានឱកាស រៀបចំកម្មវិធីជួបជុំផ្សេងៗ ជាថ្មីឡើងវិញយ៉ាងសប្បាយរីករាយ។

នាឱកាសនោះដែរ លោកយាយ លោកតា បានថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍ នាង ផាត ព្រមទាំងលោក លោកស្រីជាគណៈអធិបតីដែលបាននាំយកអំណោយមកចែកជូនពួកគាត់នាពេលនេះ ដែលចំណុចនេះគឺជាការយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំ ជាពិសេសមិនបំភ្លេចចោលពួកគាត់បន្ទាប់ប្រទេសកម្ពុជា ទទួលបានសុខសន្តិភាព។

លោកយាយ លោកតា​បានជូនពរនាយឧត្តមសេនីយ៍ នាង ផាត ឱ្យជួបប្រទះតែសេចក្តីសុខ សប្បាយ ជោគជ័យរាល់ភារកិច្ចការងារ ចៀសផុតពីជំងឺទាំងពួង នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕