(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា បានថ្វាយ និងផ្ញើសារជូនពរ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧។

យោងតាមសារជូនពរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួមអបអរសាទរក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ ដែល ប្រព្រឹត្តទៅនាថ្ងៃសុក្រ ៩រោច ថ្ងៃសៅរ៍ ១០រោច និងថ្ងៃអាទិត្យ ១១រោច ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធស័ករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ថ្ងៃទី១៥ និងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ជាមួយនឹងជនរួមជាតិ ទាំងអស់ដែលកំពុងនៅក្នុង និងក្រៅប្រទេស សូមទទួលបានពរជ័យ សិរីសួស្តី ជ័យមង្គល បវរមហាប្រសើរ វិបុលសុខគ្រប់ប្រការ ក្នុងក្រុមគ្រួសារ និងសង្គមជាតិទាំងមូល»

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានថ្លែងឲ្យដឹងបន្តទៀតថា ជាឱកាសឱ្យប្រជាពលរដ្ឋយើងរួមគ្នាជម្រុះចោលឱ្យជ្រះស្រឡះនូវភាព អពមង្គលឧបទ្រពចង្រៃ និងមន្ទិលហ្មងសៅទាំងពួងក្នុងឆ្នាំចាស់ ហើយតាំងចិត្តថ្មីប្រព្រឹត្តអំពើល្អប្រកប ដោយមេត្តា ករុណា មុទិតា ឧបេក្ខា និងបញ្ញាចាប់ពីឆ្នាំថ្មីនេះតទៅ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ថែមថា ក្រោមម្លប់ដ៏ត្រជាក់ត្រជំ នៃព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្រោមដំបូល នៃរដ្ឋធម្មនុញ្ញ ក្រោមការដឹកនាំ ដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា និងលើមូលដ្ឋាន នៃមហាសាមគ្គី ឯកភាពជាតិរឹងមាំ ដំ ជាតិយើងប្រព្រឹត្តទៅដោយរលូន និងមានជោគជ័យជាបន្តបន្ទាប់។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ថែមថា នៅក្នុងឆ្នាំ២០២២ កម្ពុជាយើងសម្រេចបានលទ្ធផលវិជ្ជមានគួរជាទីមោទនៈ ទាំងការរក្សាសន្តិភាព ស្ថេរភាព សន្តិសុខ សុវត្ថិភាពសង្គម ទាំងការលើកស្ទួយជីវភាពប្រជាជន ទាំងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងទាំងការរៀបចំការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំងការរៀបចំ ការដឹកនាំ និង ការចូលរួមកិច្ចប្រជុំអន្តរជាតិនានា ជាពិសេសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូល ពាក់ព័ន្ធ ព្រមទាំងមហាន្និបាតអន្តរសភាអាស៊ាន (AIPA) លើកទី៤៣ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ។

ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមសម្តែងនូវការដឹងគុណយ៉ាង ជ្រាលជ្រៅជូនប្រទេសជាមិត្តភក្តិជិតឆ្ងាយ ស្ថាប័ន អង្គការអន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ដែលបាន លើកទឹកចិត្ត និងជួយឧបត្ថម្ភគាំទ្រគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋកម្ពុជា។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានបញ្ជាក់ទៀតថា «សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិ ក្នុងលោក ទេវតាឆ្នាំថ្មី និងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះ នរោត្ដម សីហនុ ព្រះបរម- រតនកោដ្ឋ សូមទ្រង់ព្រះមេត្តាជួយប្រោះព្រំសព្ទសាធុការពរ បវរមហាប្រសើរ ថ្វាយព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហា- ក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្ដីថ្លថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈ សូមព្រះអង្គមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ព្រះសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជំ នៃប្រជារាស្ត្រខ្មែរ គ្រប់ៗរូបជារៀងដរាប»

ជាមួយគ្នានេះដែរ សម្តេចវិបុលសេនាភក្តី សាយ ឈុំ សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវ ទាំងបី វត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាឆ្នាំថ្មី ថ្វាយសម្តេចព្រះមហាសង្ឃរាជទាំងពីរគណៈ ថ្វាយ និងប្រគេន ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ព្រមទាំងសូមប្រសិទ្ធពរ បវរមហាប្រសើរ ថ្វាយសម្តេច ព្រះអង្គម្ចាស់ អ្នកអង្គ- ម្ចាស់ ជូនសម្តេច ឯកឧត្តម លោកជំទាវ ឧកញ៉ា លោក លោកស្រី នាងកញ្ញា មន្ត្រីរាជការ កងកម្លាំងប្រដាប់- អាវុធ រ និយោជក និយោជិត កម្មករ កសិករ ពាណិជ្ជករ អាជីវករ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជនរួមជាតិក្នុង និងក្រៅប្រទេស សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាត ឡើយ។

សូមទេវតាឆ្នាំថ្មី ព្រះនាម កិមិរាទេវី ជួយអភិបាលគ្រប់គ្រងថែរក្សា ជួយបីបាច់ថែរក្សាគាំពារ និងប្រសិទ្ធពរជ័យ សិរីសួស្តីដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យមានសមានចិត្តជាកុសល យោគយល់គ្ន សន្តោសប្រណី រួបរួមសាមគ្គីជាមហាគ្រួសារតែមួយនៅលើទឹកដីមាតុភូមិអង្គរជាទីស្នេហា ដោយក្តីសុខក្សេមក្សាន្ត កិត្តិយស និងសេចក្ដីថ្លថ្នូរតរៀងទៅ៕