(ភ្នំពេញ)៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣នេះ បានសម្តែងនូវការកោតសរសើរ ចំពោះក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត ដើម្បីបំបែក​កំណត់​ត្រា​ពិភពលោក លើកកម្ពស់កិត្តិនាមរបស់ជាតិ។

តាមរយៈបណ្តាញសង្គមផ្លូវការ លោកបណ្ឌិតបានបញ្ជាក់យ៉ាងដូច្នេះថា «សូមកោតសរសើរ ចំពោះការខិតខំរៀបចំរបស់ក្រុមការងារ និងយុវជនស្ម័គ្រចិត្ត ដែលបានចូលរួមរៀបចំយ៉ាងសកម្ម ចំពោះការរៀបចំបេះដូង ដើម្បីលើកកម្ពស់កិត្តិនាមរបស់ជាតិយើង»

សូមជម្រាបថា បេះដូងដែលបានរៀបចំជា «សួនបេះដូង» នៅបរិវេណប្រាសាទអង្គរវត្ត គឺបានមកពីការចូលរួមបត់បេះដូងពីពុកម៉ែ​ បងប្អូនប្រជាពលរដ្ឋ​ សិស្សានុសិស្ស​ និងយុវជនគ្រប់ទិសទីរួចមក​ ដើម្បីយកមករៀបចំជា «សួនបេះដូង» លើទឹកដីអង្គរដ៏ពិសិដ្ឋនៃយើងទាំងអស់គ្នា ត្រៀមបង្ហាញភ្ញៀវជាតិ និងអន្តរជាតិ ជាពិសេសបង្ហាញពីកិត្យានុភាព នៃការរួបរួមសាមគ្គីភាពរបស់ប្រជាជនកម្ពុជា និងត្រៀម​បំបែក​កំណត់​ត្រា​ពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក»​ ហើយការប្រកាសលទ្ធផលនៃការរាប់បេះដូងនេះ ក៏បង្ហាញនូវវប្បធម៌អរូបិយ ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោកផងដែរ។

យុទ្ធនាការ BeyondTheGames នឹងរៀបចំការបំបែកឯតទគ្គពិភពលោក «បេះដូងច្រើនជាងគេលើពិភពលោក» ជាផ្លូវការ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ វេលាម៉ោង៤រសៀលតទៅ នៅបរិវេណប្រាសាទអង្គរវត្ត៕