(កំពង់ចាម)៖ នៅក្នុងបរិវេណវត្តសេរីសោភា ភូមិជន្លាត់ដៃ ឃុំទងត្រឡាច ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានរៀបចំពិធីសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានាដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឧកញ៉ា ឡូវ ហ៉ឹង ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋាន ឃុំទងត្រឡាច រួមដំណើរដោយ លោកឧកញ៉ា អែល សារ៉ុម រួមទាំងលោក ប៊ុន វុត្ថា លោក ពូន វណ្ណា និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ក្នុងស្រុកស្រីសន្ធរ ព្រមទាំងមានការនិមន្តចូលរួមពីព្រះសង្ឃគណៈព្រះអនុគុណ និងព្រះគ្រូចៅអធិវត្តផងដែរ។
លោក ចាស់ ជឿន មេឃុំទងត្រឡាច បានលើកឡើងជារបាយការណ៍ថា ដោយទឹកចិត្តសទ្ធារបស់ប្រជាពុទ្ធបរិស័ទចំណុះជើងវត្ត និងការជួយឧបត្ថម្ភពីសំណាក់ក្រុមការងាររបស់ ឧកញ៉ា ឡូវ ហ៉ឹង ការកសាងឧបដ្ឋានសាលា និងសមិទ្ធផលនានាជាច្រើនទៀត នៅក្នុងវត្តជន្លាត់ដៃបានត្រូវកសាងហើយ រួចរាល់ជាស្ថាពរ និងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាថ្ងៃនេះ ព្រមទាំងប្រារព្ធធ្វើពិធីស្រោចស្រង់ព្រះសុគន្ធវារី ប្រគេនចំពោះព្រះគ្រូចៅអធិការវត្តឪពុត និងពុទ្ធិបរិស័ទ្ធចំណុះជើងវត្តបានចូលរួមចាប់មគ្គ ចាប់ផលដោយសទ្ធាផលបុណ្យ ដោយចាត់ទុកវត្តអារាមជាស្រែបុណ្យ។
លោកឧកញ៉ា អែល សារ៉ុម បានលើកឡើងថា ប្រជាពលរដ្ឋទាំងអស់សូមអរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានបង្កើតសន្ដិភាពជូនប្រជាពលរដ្ឋ ដោយបានរំដោះប្រជាពលរដ្ឋឲ្យរួចផុតពីសេចក្តីស្លាប់ ក្នុងរបបដ៏ឃោរឃៅ មៅងងឹងត រហូតមកដល់ពេលនេះ ធ្វើឲ្យប្រទេសជាតិយើងបានកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់ ប្រទេសមានសុខសន្តិភាព ស្ថិរភាពសង្គម សន្តិសុខស្បៀងប្រទេសមានឯករាជ្យភាព អធិបតេយ្យភាព សាមគ្គីភាព បង្រួបបង្រួមជាតិ និងបូរណៈភាពទឹកដីទាំងនៅក្នុងតំបន់ និងលើឆាកអន្តជាតិ។
លោក ស៊ីម គង់ អភិបាលស្រុកស្រីសន្ធរ បានគូសបញ្ជាក់ថា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយៈឧកញ៉ា ឡូវ ហ៉ឹង បានកំពុងបន្តស្ថាបនាឡើងពីមួយថ្ងៃទៅថ្ងៃ ធ្វើឲ្យមានសមិទ្ធផលជាច្រើនបានកើតឡើងដូចជាផ្លូវ ថ្នល់ សាលារៀន បណ្ណាល័យ វត្តអារ៉ាម អណ្តូងទឹក សាលាឃុំ មន្ទីបក្ស ប៉ុស្ដិ៍នគរបាលឃុំ ម៉ាស៊ីនភ្លើង រួមទាំងនៅតែបន្តចុះជួយ ប្រជាពលរដ្ឋដែលមានជំងឺ ឈឺស្លាប់ នៅក្នុងឃុំទងត្រឡាចផងដែរ។
ថ្លែងក្នុងឱកាសនោះ ឧកញ៉ា ឡូវ ហ៉ឹង បាននាំនូវការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនដល់ប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្តេចទាំងពីរ តែងតែគិតគូរ និងយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋទាំងអស់នៅតាមមូលដ្ឋាន ជាពិសេសចំពោះក្មួយៗសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ជនក្រីក្រជួបការលំបាក ជនពិការ អ្នកផ្ទុកមេរោគអេដស៍ ជាដើម ហើយសម្តេចទាំងទ្វេរបានផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឲ្យគិតគូរពីសុខទុក្ខ និងការលំបាកនានារបស់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលាផងដែរ។
ជាចុងក្រោយ ក៏មានកម្មវិធីបំពាក់មេដាយមាសស្ថាបនាជាតិចំនួន៥១រូប និងឧបត្ថម្ភថវិកាសរុបប្រមាណ៧,០០០ដុល្លារ និងបានកាត់ខ្សែបូរណ៍សម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចាប់ពីពេលនេះតទៅ។
នាថ្ងៃដដែលនេះ ឧកញ៉ា ឡូវ ហ៉ឹង, ឧកញ៉ា អែល សារ៉ុម, លោក ប៊ុន វុត្ថា លោកអភិបាលស្រុកស្រីសន្ធរ និងក្រុមការងារ បានចុះសាកសួរសុខទុក្ខ និងនាំមកនូវគ្រឿងឧបភោគ បរិភោគ ទឹកត្រី ប្រហុក ភេសជ្ជ និងឧបត្ថម្ភថវិកាមួយចំនួន ដល់មន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន ដែលបានកំពុងឈរជើងស្ថាបនាផ្លូវ០១ខ្សែ ដែលមានប្រវែង២,៣៥០ម៉ែត្រ នៅសល់២,៥០០ម៉ែត្រ ដែលនឹងចាប់ផ្តើមស្ថាបនាបន្តនៅឆ្នាំក្រោយ៕