(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយឯកឧត្តម Mohammad Ismaeil A.Dahlway ឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ នាវិមានសន្តិភាព នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣។
ជំនួបនេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអ៊ូឌីត ដែលកន្លងមកបានសម្របសម្រួលដល់ពលរដ្ឋឥស្លាមកម្ពុជា ទទួលបាននូវអាហារូបករណ៍ ការសាងសង់វិហារ សាលារៀន និងការបំពេញកាតព្វកិច្ចបុណ្យហាជ្ជី។.
ជាមួយគ្នានោះ លោកបណ្ឌិតក៏បានស្នើសុំដល់ភាគីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឲ្យជួយសម្រួលបន្ថែមទៀត ក្នុងការបង្កើនចំនួនអ្នកធ្វើហាជ្ជី (ធ្វើបុណ្យធម្មយាត្រា) សម្រាប់កម្ពុជា ដើម្បីឲ្យប្រជាពលរដ្ឋឥស្លាមកម្ពុជាមានឱកាសទៅធ្វើបុណ្យហាជ្ជីបានច្រើន ក្នុងការបំពេញកាតព្វកិច្ចដ៏សំខាន់នេះ។ លោកក៏ស្នើឲ្យមានការគាំទ្រដល់កម្ពុជា ក្នុងការស្នើសុំចូលជាសមាជិកសង្កេតការណ៍ នៃអង្គការសហប្រតិបត្តការឥស្លាម (OIC) ដែលជាអង្គការធំទី២ បន្ទាប់ពីអង្គការសហប្រជាជាតិ (UN)។
លើសពីនេះ លោកក៏បានលើកឡើងពីសន្ទុះ នៃការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា ដូចជាវិស័យ ពាណិជ្ជកម្មទេសចរណ៍ កសិកម្ម អប់រំ មនុស្សធម៌ និងវិស័យផ្សេងៗទៀត។ ជាមួយគ្នានោះ លោកក៏បានស្នើឲ្យភាគីប្រទេសអារ៉ាប៊ីសាអ៊ូឌីត ជួយសហការ និងផ្សព្វផ្សាយដល់ប្រជាជន សហគ្រិន អ្នកវិនិយោគ នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត ឲ្យមកវិនិយោគ លើវិស័យនានា រួមទាំង វិស័យហាឡាល កសិកម្ម និងឧស្សាហកម្ម ដោយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការសហការជាមួយប្រទេស អារ៉ាប៊ីសាអ៊ូឌីត។
លោក អូស្មាន ហាស្សាន់ ក៏បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានធ្វើឲ្យមានសុខដុមបនីយកម្មជាតិសាសន៍ និងសាសនានៅកម្ពុជា។ ជាពិសេសសហគមន៍ឥស្លាម ក៏ទទួលបាននូវការយកចិត្តទុកដាក់ និងការផ្តល់ជូនឲ្យមានតំណាងសហគមន៍ ក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីការទូតជាន់ខ្ពស់ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការនានា។
ជាការឆ្លើយតប លោក Mohammad Ismaeil A.Dahlway បានគាំទ្រយ៉ាងពេញទំហឹង និងកោតសរសើរដល់រដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ឱកាសដល់ថ្នាក់ដឹកនាំឥស្លាមកម្ពុជា ចូលរួមចំណែកការងារជាមួយរដ្ឋាភិបាល។
លោកបានបន្តថា ភាគីអារ៉ាប់ប៊ីសាអូឌីតពិតជាមានការខិតខំប្រឹងប្រែង ក្នុងការបើកស្ថានទូតប្រចាំកម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការឲ្យបានកាន់តែជិតស្និតបន្ថែមទៀត លើគ្រប់វិស័យជាពិសេស ការធ្វើហាជ្ជី (បុណ្យធម្មយាត្រា)។ ចំពោះការវិនិយោគនៅកម្ពុជាវិញ លោកបានលើកឡើងថា នឹងសិក្សាបន្ថែមទៀត ដើម្បីជំរុញអ្នកវិនិយោគទុននៃប្រទេសខ្លួន មកវិនិយោគនៅកម្ពុជា។
សូមជម្រាបជូនថា កម្ពុជា-អារ៉ាប៊ីសាអូឌីត សម្រេចបានពាណិជ្ជកម្មទ្វេភាគីក្នុងទំហំទឹកប្រាក់ ២៦លានដុល្លារ ក្នុងឆ្នាំ២០២១ កើនឡើងជិត៤០% បើធៀបនឹងឆ្នាំ២០២០ (មានត្រឹមតែ១៩លានដុល្លារ) ខណៈដែលពាណិជ្ជកម្មទ្វេភាគីមានទំហំ ១៥.៦លានដុល្លារ ក្នុងឆ្នាំ២០១៩ និង ១៦លានដុល្លារ ក្នុងឆ្នាំ២០១៨។ នេះបើតាម ក្រសួងពាណិជ្ជកម្មកម្ពុជា៕