(ភ្នំពេញ)៖ ស្ពានខ្សែកាបឫស្សីកែវ ដែលជាស្ពានឆ្លងកាត់ទន្លេទី៦ ក្នុងរាជធានីភ្នំពេញ ត្រូវបានដាក់ឱ្យប្រជាពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្នហើយ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ។
ស្ពានបេតុងឫស្សីកែវ ឆ្លងទន្លេសាប តភ្ជាប់ផ្លូវជាតិលេខ៦ និងលេខ៥ ស្ថិតនៅខណ្ឌជ្រោយចង្វារ និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ត្រូវបានបើកការដ្ឋានសាងសង់កាលពីខែតុលា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ស្ពាននេះសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) របស់អ្នកឧកញ៉ា ពង់ ខៀវសែ។
ស្ពានបេតុងឫស្សីកែវ មាន ៤គន្លង ពីរគន្លងទៅ និងពីរគន្លងមក។ ស្ពាននេះត្រូវបានសាងសង់ដោយស្ថាបត្យករខ្មែរ ហើយជាស្ពានខ្សែកាបលើកដំបូងក្នុងរាជធានីភ្នំពេញ ដែលសាងសង់ឡើងដោយប្រើខ្សែកាបនៅចំកណ្តាល។ តាមរយៈខ្សែកាបនេះត្រូវបានរំលេចដោយភ្លើងពណ៌ ដែលធ្វើឱ្យស្ពានមានសោភ័ណភាពកាន់តែស្រស់ស្អាតនាពេលរាត្រី។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានថ្លែងអំណរគុណដល់ក្រុមការងារជាវិស្វករ និងកម្មករទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នា សម្រេចបានសសមិទ្ធផលដ៏ស្រស់ស្អាតក្នុងរាជធានីភ្នំពេញមួយនេះ។
សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យប្រជាពលរដ្ឋឆ្លងកាត់ស្ពាននេះ ជាបណ្តោះអាសន្ន ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាបញ្ចៀសការកកស្ទះចរាចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។
ស្ពានបេតុងឫស្សីកែវ គឺជាសមិទ្ធផលថ្មីមួយទៀតក្នុងរាជធានីភ្នំពេញ ក្រោមម្លប់សុខសន្តិភាព និងកិច្ចប្រឹងប្រែងអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលដឹកនាំ ដោយសម្តេចតេជោនាយករដ្ឋមន្ត្រី។ សមិទ្ធផលជាប្រវត្តិសាស្ត្រលើទឹកដីរាជធានីភ្នំពេញមួយនេះ បានធ្វើឱ្យប្រជាពលរដ្ឋសម្តែងការស្វាគមន៍ប្រកប ដោយក្តីរីករាយជាពន់ពេក។
ស្ពានបេតុងឫស្សីកែវនេះ បានជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋរវាងផ្លូវជាតិលេខ៥ និងលេខ៦ ដោយមិនចំណាយពេលវាងទៅឆ្លងនៅស្ពានជ្រោយចង្វារទៀតនោះឡើយ។ នៅព្រឹកថ្ងៃទី១០ ខែមេសា នេះ បន្ទាប់ពីស្ពានបើកឱ្យឆ្លងកាត់ប្រជាពលរដ្ឋជាច្រើនបានធ្វើដំណើរឆ្លងកាត់ដោយទឹកមុខសប្បាយរីករាយ។
ប្រជាពលរដ្ឋខ្លះទៀត ដែលមានផ្ទះនៅជិតស្ពាន បើទោះបីមិនមានភារកិច្ចត្រូវឆ្លងស្ពាន ក៏ពួកគាត់បាននាំគ្នាដើរឆ្លងគយគន់សមិទ្ធផលថ្មីនេះផងដែរ។
ប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ស្ពានថ្មីលើដីរាជធានីភ្នំពេញនេះ សុទ្ធតែបានបង្ហាញអារម្មណ៍រំភើប និងរីករាយ។ ពួកគេបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ដែលបានកសាងសមិទ្ធផលថ្មី ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ៕