(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ រដ្ឋបាលខណ្ឌបឹងកេងកង បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត ប្រសិទ្ធពរជ័យសិរីសួស្តី ជ័យមង្គល វិបុលសុខ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧។
ពិធីសូត្រមន្តនេះ បានប្រព្រឹត្តធ្វើឡើងក្រោមអធិបតីភាព លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង និង លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង ដោយមានការអញ្ជើញចូលរួមពីលោក-លោកស្រី សមាជិកក្រុមប្រឹក្សាខណ្ឌ, គណៈអភិបាលខណ្ឌ, គណៈនាយកខណ្ឌ, លោក-លោកស្រី ប្រធានការិយាល័យទាំង១១, លោក-លោកស្រី មន្ត្រីរាជការរដ្ឋបាលខណ្ឌ, លោក-លោកស្រីចៅសង្កាត់ទាំង០៧, និងលោក-លោកស្រី ប្រធានផ្សារទាំង០២។
នៅក្នុងពិធីនេះ ក៏មានការនិមន្តព្រះសង្ឃសូត្រមន្តប្រោសព្រំសព្វសាធុការពរ សិរីសួស្តី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរជូនចំពោះថ្នាក់ដឹកនាំខណ្ឌ និងមន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខណ្ឌបឹងកេងកងទាំងអស់ ចូលកើតមានដល់អ្នកឲ្យបានគ្រប់ៗគ្នា និងសូមឲ្យទេវតាឆ្នាំថ្មី តាមជួយបីបាច់ថែរក្សា ឲ្យបានសេចក្តីសុខសប្បាយគ្រប់ទីកន្លែង និងឧទ្ទិសបុណ្យកុសលជូនចំពោះវិញ្ញាណក្ខន្ធបុព្វការីជន និងជនស្នេហាជាតិទាំងអស់ ដែលបានពលីជីវិតក្នុងបុព្វហេតុជាតិមាតុភូមិផងដែរ៕