(ភ្នំពេញ)៖ ព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបន្តបើកវគ្គបណ្ដុះបណ្តាលស្តីពី «នីតិវិធីអនុវត្តថវិកាកម្មវិធី» ជាលើកទី២ ជូនមន្រ្តីរាជការក្រសួងអប់រំ យុវជន និង កីឡា ដែលមកពីមន្ទីរអប់រំ យុវជន និង កីឡា រាជធានី-ខេត្ត។ ពិធីនេះបានប្រព្រឹត្តសណ្ឋាគារភ្នំពេញ ក្រោមអធិបតីភាពលោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីលោក ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡាផងដែរ។
លោករដ្ឋលេខាធិការ ពិត ចំណាន បានសម្តែងកិច្ចស្វាគមន៍ចំពោះអង្គពិធី និង បានថ្លែងអំណរគុណក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិសេស វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបាន សហការរៀបចំបណ្តុះបណ្តាលពី «នីតិវិធីអនុវត្តថវិកាកម្មវិធី» តាមសំណូមពរក្នុងគោលដៅពង្រឹង ពង្រីកសមត្ថភាព និង លើកកម្ពស់ការយល់ដឹង ថែមទៀតជូនមន្រ្តីរាជការ នៃអង្គភាពថវិការ ថ្នាក់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី-ខេត្ត សម្រាប់រួមចំណែក អនុវត្តការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ឱ្យទទួលបានជោគជ័យ តាមការគ្រោងទុក។
ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្តែងអំណរសាទរ និង វាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និង កីឡា ដែលបានយកចិត្តទុកដាក់ក្នុងការពង្រឹង និង ពង្រីកសមត្ថភាពមន្រ្តីរាជការលើ ជំនាញគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ ពិសេសសម្រាប់ការអនុវត្តថវិកាកម្មវិធី និង អង្គភាពថវិកា ព្រមទាំងបានសហការ ជិតស្និទ្ធជាមួយវិទ្យាស្ថាន សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរ្ញវត្ថុ ក្នុងការរៀបចំ និងអនុវត្តការបណ្តុះបណ្តាលនេះ ដោយមានការចូលរួមគាំទ្រ ខាងថវិកាពីអង្គការ UNICEF ។
លោក ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលនេះ ជាផ្នែកមួយដ៏សំខាន់ នៃកិច្ចខិតខំប្រឹងប្រែង ក្នុងការអភិវឌ្ឍសមត្ថភាពមន្រ្តីរាជការ សម្រាប់ពង្រឹង និង ជំរុញការអនុវត្តសាកល្បង ថវិកាកម្មវិធីពេញលេញ ឱ្យបានល្អប្រសើរ ទាន់ពេលវេលា មានប្រសិទ្ធភាព និងមានសង្គតិភាព អនុលោមទៅតាមគោលការណ៍ ច្បាប់ បទប្បញ្ញតិ និង វិធាននានាជាធរមាន សំដៅចូលរួមចំណែក ក្នុងការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ពង្រឹងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ដែលជាចំណុច អាទិភាពមួយរបស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ទន្ទឹមនោះ លោករដ្ឋលេខាធិការ ក៏បានលើកឡើងផងដែរថា នេះជាលើកទី២ ហើយដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានសហការជាមួយក្រសួងអប់រំ យុវជន និង កីឡាក្នុងការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” នេះ ជូនមន្រ្តីរាជការនៃអង្គភាពថវិកា ក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡា ដែលជាអាទិភាពសំខាន់មួយ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងគោលដៅកសាង និង អភិវឌ្ឍសមត្ថភាពមន្រ្តី រាជការឆ្លើយតប តម្រូវការសម្រាប់ការអនុវត្តការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
លើសពីនេះ លោកបណ្ឌិត ហ៊ាន សាហ៊ីប បានគួសបញ្ជាក់ថា ការបណ្តុះបណ្តាលសមត្ថភាពមន្រ្តីរាជការ ផ្តល់សារៈសំខាន់បួនយ៉ាងគឺ៖ (១). ផ្តល់ឱ្យមន្រ្តីរាជការទទួលបាន ចំណេះជំនាញថ្មី, (២). សម្រួចចំណេះដឹង និង ចំណេះធ្វើរបស់មន្រ្តីរាជការ, (៣). បំពេញការងារបានល្អប្រសើរជាងមុន និង (៤). បង្កើនផលិតភាពការងារជូនមន្រ្តីរាជការ ។ អាស្រ័យហេតុនេះ វគ្គបណ្តុះបណ្តាលនេះ ពិតជាត្រូវបានរៀបចំឡើងទាន់វេលា ក្នុងគោលបំណងចែករំលែកចំណេះដឹង ចំណេះធ្វើ និង បទពិសោធន៍នៃការងារថវិកាកម្មវិធី ពិសេសសំដៅលើកកម្ពស់ ការយល់ដឹងរបស់ រជ្ជទេយ្យករបុរេប្រទាន រជ្ជទេយ្យករបុរេប្រទានរង និង មន្រ្តីទទួលបន្ទុកហិរញ្ញវត្ថុ សម្រាប់ចូលរួមអនុវត្តការងារ កែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណាក់កាលទី៣ ពិសេស ការអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញនៅក្នុងឆ្នាំ ២០១៦ នេះឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព ភាពគ្រប់ជ្រុងជ្រោយ និង ប្រកបដោយសីលធម៌វិជ្ជាជីវៈ ។
លោក ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ទៀតថា ដោយក្រសួងអប់រំ យុវជន និង កីឡា គឺជាក្រសួងអាទិភាព ក្នុងការអនុវត្តគោលនយោបាយ សង្គមកិច្ច ពិសេសការអភិវឌ្ឍធនធានមនុស្ស សម្រាប់ធានាចីរភាព និងទ្រទ្រង់ការអភិវឌ្ឍលើគ្រប់វិស័យ ដូច្នេះវគ្គបណ្តុះបណ្តាលនៅពេលនេះ មិនត្រឹមតែមានអត្ថប្រយោជន៍ សម្រាប់រួមចំណែកសម្រេចជោគជ័យ ក្នុងការអនុវត្ត ការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយដល់ ការសម្រេចគោលដៅ ក្នុងការធានាលទ្ធភាពទទួលបាន សេវាអប់រំប្រកបដោយសមធម៌ និង ការលើកកម្ពស់គុណភាព និងភាពឆ្លើយតប នៃការផ្តល់សេវាអប់រំ ទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ, ការអភិវឌ្ឍឧត្តមសិក្សានិងការស្រាវជ្រាវ, ការអភិវឌ្ឍជំនាញបច្ចេកទេស និងជំនាញផ្នែកទន់សម្រាប់យុវជន និង ការគាំទ្រសេវាអប់រំ និងអភិបាលកិច្ចល្អ ក្នុងវិស័យអប់រំទៀតផង ។
លោកបណ្ឌិត បានផ្តាំផ្ញើ និង លើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឲ្យយកចិត្តទុកដាក់ ចំពោះគ្រប់បទឧទ្ទេសរបស់គ្រូឧទ្ទេស និង វាគ្មិនទាំងអស់ នៃវគ្គបណ្តុះបណ្តាល និង ចូលរួមលើកសំណួរ ពិភាក្សា និង ផ្លាស់ប្តូរគំនិតយោបល់ឱ្យបានផុសផុល ដើម្បីចាប់យកចំណេះដឹង និង ចំណេះធ្វើ សម្រាប់យកទៅអនុវត្ត នៅក្នុងការដ្ឋានការងារជាក់ស្តែង នៃអង្គភាពថវិការៀងៗខ្លួន៕