(កណ្តាល)៖ ក្រុមហ៊ុនសំណង់វិស្វកម្មចិនទីបីសាខាទីមួយ ដែលជាក្រុមហ៊ុនកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ បានរៀបចំកម្មវិធីប្រកួតធ្វើម្ហូប ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាពរវាងក្រុមហ៊ុនសំណង់វិស្វកម្មចិននៅកម្ពុជា និងបុគ្គលិក នៃក្រុមហ៊ុននីមួយៗ នៅការដ្ឋានសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ។
ក្នុងកម្មវិធីនោះ មានការចូលពីតំណាងក្រុមហ៊ុននីមួយៗដូចជាលោក ស៊ាវ ហ័រ, លោក ចាង ណាយហ្វឹង, លោក ឈៀវ យ៉ូងស៊ាវ, លោក សៀក ស៊ូម៉រ, លោក យៀក ចាយវៃ និងលោក លីវ យៀកហ្វា។
ក្នុងកម្មវិធីនោះ ក្រុមនីមួយៗមានពេល៤៥នាទី ក្នុងការធ្វើម្ហូប។ បន្ទាប់មកគណៈកម្មការចំណាយពេល១៥នាទី ដើម្បីភ្លក់ម្ហូប ហើយចំណាយពេល៥នាទី ដើម្បីឱ្យពិន្ទុ។ ចុងក្រោយគណៈកម្មការផ្តល់ប័ណ្ណសរសើរដល់ក្រុមលេខ១ លេខ២ និងលេខ៣។
ការប្រកួតនេះដែរ ក្រុមចូលរួមប្រកួតទាំង៨ បានខិតខំយ៉ាងខ្លាំងក្នុងការបង្ហាញថ្វីដៃរបស់ពួកគេ។ ម្ហូបដែលពួកគេបានធ្វើនោះ មានទាំងម្ហូបចិន និងខ្មែរ ដែលមើលទៅគួរឱ្យចង់បរិភោគ។
ក្នុងពេលប្រកួតធ្វើម្ហូបនេះ លោក ស៊ាវ ហ័រ បានចូលរួមផ្លាស់ប្តូរយោបល់ជាមួយបេក្ខជនយ៉ាងសកម្ម ធ្វើឱ្យកម្មវិធីកាន់តែសប្បាយរីករាយ។
ជាចុងបញ្ចប់នៃការប្រកួត គឺរកឃើញក្រុមឈ្នះទាំងបីក្រុមរួមមាន៖
លេខ១ បានទៅក្រុមតំណាង China Construction Midland,
លេខ២ បានទៅក្រុមតំណាងគម្រោង FTB Bank,
លេខ៣ បានទៅក្រុមតំណាង Steel Structure។
បន្ទាប់ពីបានថតរូបជុំគ្នាហើយនោះ តំណាងក្រុមហ៊ុននីមួយៗបានដើរទស្សនកិច្ចក្នុងគម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោផងដែរ។
សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនសំណង់វិស្វកម្មចិនទីបីជាក្រុមហ៊ុនសាងសង់ឈានមុខមួយ ក្នុងប្រទេសកម្ពុជា ដែលកំពុងសាងសង់គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោ គម្រោង FTB Bank គម្រោងខុនដូរសហគមន៍ Urban Village និងគម្រោងR&F City៕