(ក្រចេះ)៖ នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងនាមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញជាអធិបតីបិទការដ្ឋានបោសសម្អាតមីន គាំទ្រពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» ដំណាល់កាលទី២។
ពិធីនេះបានប្រព្រឹត្តិទៅក្នុងកំឡុងពេលលោកទេសរដ្ឋមន្រ្តី អញ្ជើញចុះពិនិត្យសកម្មភាពបោសសម្អាតមីន និងជួបសំណេះសំណាលជាមួយកងកម្លាំងបោសសម្អាតមីនរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងប្រជាពលរដ្ឋ ស្ថិតក្នុងឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ។
ទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា រយៈពេល ១០ខែ ចាប់ពីខែកក្កដា ឆ្នាំ២០២២ នៃការអនុវត្តគម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន អាជ្ញាធរមីន បានពង្រាយកងកម្លាំងបោសសម្អាតមីនប្រមាណជា ១៧០០នាក់ មកពីកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ក្នុងខេត្តចំនួន១០ និងបានបោសសម្អាតផ្ទៃដីមានមីនជាង៩១គីឡូម៉ែត្រក្រឡា ស្មើនឹង ៩៩៥ ចម្ការមីន ក្នុងនោះខេត្តចំនួន៦ ស្រុកចំនួន១៤ និងឃុំចំនួន១២ ត្រូវបានបញ្ចប់វត្តមានគ្រាប់មីនដែលបានដឹង និងប្រកាសជាខេត្ត ស្រុក និងឃុំអស់មីន។
លោកបានបន្តទៀតថា ខេត្តក្រចេះ គឺជាខេត្តមួយក្នុងចំណោមខេត្តទាំង១០ ដែលបានទទួលផលប្រយោជន៍ពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ដោយធ្វើការបោសសម្អាតក្នុងទំហំផ្ទៃដីស្មើនឹង ៥០ភាគរយ នៃផ្ទៃដីមានមីនទូទាំងខេត្ត។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន បានទម្លាក់ថវិកាជាតិបន្ថែម តាមរយៈមូលនិធិកម្ពុជាគ្មានមីន ឆ្នាំ២០២៥ ដើម្បីធ្វើការបោសសម្អាតមីនដែលនៅសេសសល់ក្នុងខេត្តក្រចេះ និងគ្រោងប្រកាសជាខេត្តអស់មីនក្នុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
ក្នុងនាមប្រជាជនកម្ពុជា និងសហគមន៍សកម្មភាពមីននៅកម្ពុជា លោកទេសរដ្ឋមន្រ្តី បានសម្តែងនូវការដឹងគុណ និងកត្តញ្ញូតាធម៌ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ជាបិតាសន្តិភាព ដែលបានបញ្ចប់សង្រ្គាម និងផ្តល់សុខសន្តិភាពពេញលេញជូនប្រជាជនកម្ពុជាទូទាំងប្រទេស។ ទន្ទឹមនឹងនោះ សម្តេចតេជោ តែងតែគិតគូរជាប់ជានិច្ចដល់សុខសុវត្ថិភាព និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការចាត់ទុកសកម្មភាពមីន ជាការងារអាទិភាពមួយរបស់សម្តេច ក្នុងការដោះស្រាយក្រោយសង្រ្គាម។
ក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានពាំនាំនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខពីសម្តេចតេជោ និងសម្តេចកិត្តិព្រឺទ្ធបណ្ឌិត ជូនដល់ប្រជាពលរដ្ឋស្ថិតក្នុងខេត្តក្រចេះ ព្រមទាំងបានថ្លែងអំណរគុណចំពោះការផ្តល់នូវទំនុកចិត្ត និងការជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ តាមរយៈការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងមកនេះ៕