Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរថៃ ចាប់អ្នកនេសាទវៀតណាម ២៩នាក់ និងពន្លិចទូកនេសាទពួកគេចោល ក្រោយធ្វើការនេសាទខុសច្បាប់

11-07-2016 11:00

(បាងកក)៖ អ្នកនេសាទជនជាតិវៀតណាមសរុប ២៩នាក់ត្រូវបានកងកម្លាំងជើងទឹកនៃប្រទេសថៃ ចាប់ខ្លួនបន្ទាប់ពី ទូករបស់ពួកគេបានចូលមកធ្វើការនេសាទក្នុងដែនទឹកឈូងសមុទ្រថៃ ដោយខុសច្បាប់ ហើយក៏បានធ្វើការពន្លិចទូក នេសាទចំនួនពីរគ្រឿងដែលរឹបអូសបាននោះចោលថែមទៀត។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នាព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦។

ការចាប់ខ្លួនអ្នកនេសាទខាងលើនេះ បានធ្វើឡើងនៅតំបន់កៀកនឹងទីតាំងរុករកឧស្ម័ន Muda A ដែលមានចម្ងាយ ២០គីឡូម៉ែត្រនៃភាគឦសាន ជាតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសថៃ ដោយទូកល្បាតរបស់ថៃពីរគ្រឿងបានចេញ ប្រតិបត្តិការចំពេលដែលទូកនេសាទវៀតណាម កំពុងលួចធ្វើការនេសាទខុសច្បាប់កាលពីថ្ងៃអាទិត្យនោះតែម្តង។

កងទ័ពជើងទឹកថៃ បានធ្វើការសួរចម្លើយអ្នកបើកបរទូកនេសាទវៀតណាមតំណាក់កាលដំបូងឲ្យដឹងថា ពួកគេបាន ធ្វើដំណើរពីខេត្ត Ca Mau របស់ប្រទេសវៀតណាម ចូលមកកាន់ដែនទឹកប្រទេសថៃនេះដើម្បីធ្វើការនេសាទត្រី។ នៅថ្ងៃចាប់បាននោះ អាជ្ញាធរថៃក៏បានធ្វើការពន្លិចទូកនេសាទវៀតណាម ដែលខ្លួនរឹបអូសបានចំនួនពីរគ្រឿងផងដែរ។ ហើយដោយឡែកអ្នកនេសាទ ២៩នាក់ ត្រូវបានបញ្ជូនទៅកាន់មូលដ្ឋានទ័ពជើងទឹក Songkhla ដើម្បីត្រៀមចាត់ការ ទៅតាមនីតិវិធីច្បាប់របស់ថៃ។

គួរបញ្ជាក់ថា នេះជាលើកទី ២៦ហើយ ដែលតំបន់ដែនទឹករបស់ថៃខាងលើនេះ បានបង្ក្រាបការនេសាទខុសច្បាប់ដោយ ជនជាតិវៀតណាម នៅអំឡុងឆ្នំា ២០១៦ នេះ ដែលសរុបទូកនេសាទ ៥៩គ្រឿងត្រូវបានរឹបអូស និងអ្នកនេសាទ វៀតណាម ៤០១នាក់ត្រូវបានចាប់ខ្លួន។ ស្ថានទូតវៀតណាមប្រចាំទីក្រុងបាងកក ក៏កំពុងតែរត់ការរឿងនេះផងដែរ ដើម្បីជួយដល់អ្នកនេសាទនានារបស់ខ្លួន៕