(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ជាប្រភពចម្បងនៃការបង្កើតការងារច្រើន ជាថ្នាលបង្កើតទ្រព្យសម្បត្តិជាតិ និងជាតួអង្គដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងការបង្រួមវិសមភាពសេដ្ឋកិច្ចជូនប្រជាជនកម្ពុជាទូទៅ។

ការថ្លែងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជួបសំណេះសំណាល និងពិសារ អាហារ សាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម ក៏ដូចជាអ្នកធ្វើធុរកិច្ច នៅកម្ពុជា។ ពិធីនេះរៀបចំធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ កោះពេជ្រ។

ឆ្លៀតក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា តាមរបាយការណ៍ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល សមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មនៅកម្ពុជាបច្ចុប្បន្នថា សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មសរុបមានចំនួនប្រមាណ ៧០ ម៉ឺនមូលដ្ឋាន (ស្មើនឹងជាង ៩០%) ក្នុងនោះ ក្នុងវិស័យកម្មន្តសាលមានប្រមាណ ៤ម៉ឺនមូលដ្ឋាន (ស្មើនឹងប្រមាណ ៧%) ហើយប្រភេទកែច្នៃចំណីអាហារមានប្រមាណ ៨០% ក្នុងនោះរោងចក្រធុនធំមានប្រមាណជិត ២ពាន់មូលដ្ឋាន។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម បាននឹងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ពិសេសប្រទេសកំពុងអភិវឌ្ឍដូចកម្ពុជា ពីព្រោះសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មមានចំនួនច្រើននៅក្នុងខឿនសេដ្ឋកិច្ចជាតិ ជាពិសេសប្រទេសតូចៗ ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច ជាប្រភពចម្បងនៃការបង្កើតការងារច្រើន ជាថ្នាលបង្កើតទ្រព្យសម្បត្តិជាតិ និងជាតួអង្គដ៏សំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងការបង្រួមវិសមភាពសេដ្ឋកិច្ចជូនប្រជាជនកម្ពុជាទូទៅ»

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលតែងតែចាត់ទុកសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ និងជាដៃគូ មិនអាចខ្វះបានក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបន្តថា កន្លងមករាជរដ្ឋាភិបាលបានបង្កើតគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម ដែលជាយន្តការអន្តរក្រសួង-ស្ថាប័នសម្រាប់សិក្សា ស្រាវជ្រាវ វាយតម្លៃ និងដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា។

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសហគ្រាសធុនតូច និងមធ្យម និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យម ជាប្រព័ន្ធ និងគាំទ្រសហគ្រិន ធុរជន និងនវធុរជនក្នុងវិស័យ សហគ្រាសធុនតូច និងមធ្យមប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងចីរភាព៕