(ស៊ូដង់ខាងត្បូង)៖ រដ្ឋមន្ត្រីព័ត៌មានរបស់ប្រទេសស៊ូដង់ខាងត្បូង បាននិយាយថា រដ្ឋាភិបាលបានធ្វើការគ្រប់គ្រងស្ថានការណ៍បានគ្រប់ជ្រុងជ្រោយហើយ នៅក្នុងរដ្ឋធានីជូបា របស់ប្រទេសអាហ្វ្រិកភាគកណ្តាលមួយនេះ ខណៈចំនួនមនុស្សស្លាប់ត្រូវបានសារព័ត៌មានក្នុងស្រុកលើកឡើងថា អាចមានរហូតដល់ ២៧០នាក់ បន្ទាប់ពីអំពើហិង្សាដ៏ក្តៅគគុកបានបញ្ចប់។ នេះបើតាម CNN ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃចន្ទ ទី១១ ខែកក្កដា ឆ្នាំ២០១៦។
រដ្ឋមន្ត្រីព័ត៌មានស៊ូដង់ខាងត្បូងលោក Micheal Makuei Lueth បានថ្លែងដូច្នេះថា «នាពេលបច្ចុប្បន្ននេះ អំពើហិង្សាបានថមថយទៅវិញហើយ ហើយស្ថានការណ៍ក៏បានវិលទៅរកសភាពធម្មតាវិញដែរ។ រដ្ឋធានីជូបា កំពុងស្ថិតនៅ ក្នុងការគ្រប់គ្រងយ៉ាងពេញលេញរបស់កងកម្លាំងរដ្ឋាភិបាល ប៉ុន្តែតំបន់មួយចំនួន ក្រៅពីទីក្រុងនេះនៅមិនទាន់មាន ការធានាសុវត្ថិភាពនោះទេ»។
គួរបញ្ជាក់ថា រដ្ឋាភិបាលស៊ូដង់ខាងត្បូង បានការពារសេចក្តីសម្រេចចិត្តរបស់ខ្លួនក្នុងការប្រើប្រាស់កម្លាំង បញ្ឈប់អំពើ ហិង្សារវាងអ្នកគាំទ្រអនុប្រធានាធិបតីលោក Riek Machar ហើយកិច្ចព្រមព្រៀងឈប់វាយប្រហារគ្នាបានកើតឡើង ដើម្បីការពារមិនឲ្យប្រជាជនស៊ូដង់ខាងត្បូង ស្លាប់បាត់បង់ជីវិតបន្ថែមទៀត។ សម្រាប់មូលហេតុដែលបង្កឲ្យមានការ វាយប្រហារគ្នារវាងក្រុមគាំទ្រលោកប្រធានាធិបតី Salva Kiir និង អនុប្រធានាធិបតី លោក Machar នៅមិនទាន់មានការបញ្ជាក់នោះទេ ខណៈអំពើហិង្សាបានកើតឡើងពេញមួយចុងសប្តាហ៍មុននេះតែម្តង៕