(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា ធនាគារសហគ្រាស ធុនតូច និងមធ្យមកម្ពុជា ដែលបានបង្កើតឡើងដោយរាជរដ្ឋាភិបាល កាលពីឆ្នាំ២០២០នោះ រហូតមកដល់ខែកញ្ញា ឆ្នាំ២០២២ បានបញ្ចេញឥណទានជាង៤០០លានដុល្លារ ជួយដល់សហគ្រាសធុនតូច និងមធ្យមចំនួន ៣ ០៨៥នៅកម្ពុជា។
ការលើកឡើងរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយម្ចាស់សហគ្រាសធុនតូច និងមធ្យម នៅរសៀលថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣នេះ ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ បានបញ្ជាក់ថា «ក្នុងឆ្នាំ២០២០ រាជរដ្ឋាភិបាលបានបង្កើតធនាគារសហគ្រាស ធុនតូច និងមធ្យមកម្ពុជាសម្រាប់ចូលរួមផ្តល់ការគាំទ្រ និងដាក់ចេញ នូវយន្តការគាំទ្រនានាដល់ការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ក្នុងអំឡុងពេលនៃការរាតត្បាតជំងឺកូវីដ១៩»។
សម្តេចបានបន្តថា៖ «ទន្ទឹមនេះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាននិងកំពុង ផ្តល់ឥណទានទៅសហគ្រាសធុនតូច និងមធ្យម តាមរយៈគម្រោងហិរញ្ញប្បទានធំ២ គឺ ១៖ គម្រោងហិរញ្ញប្បទានដោយផ្ទាល់ និង២៖ គម្រោងសហហិរញ្ញប្បទាន ដែលគិតមកដល់ ខែកញ្ញា ឆ្នាំ២០២២ ធនាគារបានបញ្ចេញឥណទានសរុបចំនួនជាង ៤០០ លានដុល្លារអាម៉េរិក ទៅដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ៣ ០៨៥»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា សហគ្រាសធុនតូច និងមធ្យម បានចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងបង្កើនការងារជូន ប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។ មិនតែប៉ុណ្ណោះវិស័យសហគ្រាសធុនតូច និងមធ្យម និង សិប្បកម្ម ត្រូវបានចាត់ទុកជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ៕