(ព្រះវិហារ)៖ កំណាត់ផ្លូវក្រាលក្រួសក្រហមមួយខ្សែ ពីឃុំចំរើន ទៅឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ប្រវែង ២៤,២គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ជាផ្លូវការ នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមវត្តមានលោកទេសរដ្ឋមន្ត្រី មាស សុភា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ ជាច្រើនរូបទៀត។ នៅក្នុងឱកាសនោះលោក មាស សុភា ក៏បានប្រកាសសាងសង់មន្ទីរសម្ភព១ខ្នងទៀត ទុកជាចំណងដៃជូនប្រជាពលរដ្ឋ នៅឃុំរណសិរ្យផងដែរ។
នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី មាស សុភា បានផ្តាំផ្ញើរសាកសួរសុខទុក្ខ ដោយក្តីនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចជាកាល សម្តេចទាំងទ្វេរ តែងគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ៗរូប ពិសេសក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំថោះ ដែលជិតចូលមកដល់ សុមទទួលបានសេចក្តីសុខ សេចក្តីចម្រើន គ្រប់ក្រុមគ្រួសារ។
លោកទេសរដ្ឋមន្រ្តី បានថ្លែងទៀតថា ថ្ងៃនេះប្រជាពលរដ្ឋរស់នៅឃុំចំរើន និងឃុំរណសិរ្យ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ទទួលបាននូវសមិទ្ធិផលថ្មីមួយទៀត ដែលជាអំណោយរបស់រាជរដ្ឋាភិបាល អំណោយរបស់អង្គការ មូលនិធិបរទេសមួយចំនួនដែលបានផ្តល់ជូនសម្រាប់ប្រជាពលរដ្ឋរបស់យើង នៅស្រុកសង្គមថ្មី។
លោកថា ការបើកការដ្ឋាននៅពេលនេះ គឺជាគម្រោងមួយដែលរាជរដ្ឋាភិបាល ក៏ដូចជាអង្គការសង្គមស៊ីវិល និងប្រទេសផ្តល់ជំនួយមួយចំនួន បានយកចិត្តទុកដាក់ជួយដល់ប្រទេសកម្ពុជាជារួម និងនិយាយដោយឡែកខេត្តព្រះវិហារ របស់យើង ហើយមានផ្លូវជាច្រើនទៀតតាមបណ្តាលស្រុក ក្នុងខេត្តព្រះវិហារ នឹងប្រែក្លាយជាផ្លូវក្រាលកៅស៊ូដូចផ្លូវនេះនៅពេលខាងមុខ។
លោក មាស សុភា បានថ្លែងបញ្ជាក់ទៀតថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ បានដាក់ចេញនូវគោលនយោបាយគិតគូរ ដល់កិច្ចការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្នាក់មូលដ្ឋាន ដោយរដ្ឋបាលមូលដ្ឋានបានដាក់សំណើរ ហើយលោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានជួយធ្វើឱ្យគម្រោងនេះចេញជារូបរាង។
លោកថា គម្រោងនេះបានផ្តើមចេញពីគម្រោងប្រគួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម ក្នុងនោះមានក្រសួង៣បានចូលរួម គឺក្រសួងកសិកម្ម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងអភិវឌ្ឍន៍ជនបទ ដែលផ្តោតសំខាន់ការកែលម្អផ្លូវជនបទក្រាលកៅស៊ូពីរជាន់និងបេតុង។
លោកទេសរដ្ឋមន្ត្រី មាស សុភា ក៏បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបន្តចូលរួមថែរក្សាការពារសុខសន្តិភាពឱ្យនៅគង់វង្សយូរអង្វែង ដើម្បីឱ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍន៍រីកចំរើនថែមទៀត ត្រូវគាំទ្រកម្មវិធីគោល នយោបាយនានារបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ពិសេសគោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងត្រូវទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងនិតិកាលទី៧នៃរដ្ឋសភា នាខែកក្កដាខាងមុខឱ្យបានគ្រប់ៗគ្នា៕