(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចែករំលែកនូវទស្សនាទានសំខាន់ៗចំនួន ៧ចំណុច ជាមួយនឹងការចង្អុលបង្ហាញអំពីបញ្ហាសំខាន់ៗមួយចំនួន ដើម្បីជាធាតុចូលសម្រាប់កិច្ចពិភាក្សា សំដៅធ្វើយ៉ាងណាឱ្យវិស័យអប់រំ កាន់តែមានភាពប្រសើរឡើង។

បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ការដាក់ចេញនូវទស្សនទានដូចនេះនាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីបើកសន្និបាតបូកសរុបការងារ អប់រំយុវជន និងកីឡា ឆ្នាំសិក្សា ២០២១-២០២២ និងទិសដៅសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣។

ទស្សនាទានរបស់បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទាំង៧ចំណុច នៅក្នុងពិធីបើកសន្និបាតបូកសរុបការងារ អប់រំយុវជន និងកីឡា មានដូចជា៖

ទី១៖ ការពង្រឹងគុណភាពអប់រំគ្រប់កម្រិត គឺជាអាទិភាពចម្បងបំផុត, ជាពិសេសនៅកម្រិតបឋមសិក្សា ដើម្បីធានាថា សិស្សានុសិស្សមានមូលដ្ឋានរឹងមាំ និងមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការបន្តការសិក្សាទៅកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា ប្រកបដោយភាពជឿជាក់ សំដៅឆ្លើយតបទៅនឹងភាពបន្ទាន់នៃតម្រូវការមូលធនមនុស្ស ដែលមានគុណភាព។

ទី២៖ ការពង្រឹងគុណភាពនៃការបង្រៀន, ការសិក្សា និងការស្រាវជ្រាវ និងការពង្រីកមុខវិជ្ជា និងជំនាញថ្មីៗនៅឧត្តមសិក្សា គឺជាអាទិភាពចម្បងមួយទៀត ដើម្បីឆ្លើយតបទៅនឹងការវិវឌ្ឍយ៉ាងលឿននៃសង្គម-សេដ្ឋកិច្ច បច្ចុប្បន្ន និងទៅអនាគត។

ទី៣៖ ការពង្រឹងគុណភាពអប់រំ តម្រូវឱ្យមានការពង្រឹងអភិបាលកិច្ច និងប្រសិទ្ធភាពគ្រប់គ្រង នៅតាមមន្ទីរអប់រំ យុវជន និងកីឡា និងតាមសាលារៀនគ្រប់កម្រិត ក៏ដូចជាការជំរុញនូវការចូលរួមរបស់អាណាព្យាបាល, សហគមន៍ និងវិស័យឯកជនផងដែរ។

ទី៤៖ ការពង្រឹងការបណ្តុះបណ្តាលគ្រូបង្រៀន និងវិក្រិតការ ក៏ដូចជា ការបន្តលើកកម្ពស់ជីវភាព, សមត្ថភាព និងគុណតម្លៃរបស់គ្រូបង្រៀន ដើម្បីឱ្យស័ក្តិសមជាកម្លាំងជួរមុខរបស់កម្ពុជា ក្នុងការកសាងមូលធនមនុស្ស ឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ គឺជាកិច្ចការដែលកាន់តែមានសារៈសំខាន់, ជាពិសេសក្នុងបរិការណ៍នៃការអប់រំតាមគន្លងប្រក្រតីភាពថ្មី។

ទី៥៖ ក្នុងបរិបទនៃការកើនឡើងនូវការធ្វើពាណិជ្ជូបនីយកម្ម (commercialization) និងការប្រកួតប្រជែង ដើម្បីដណ្តើមយកការចាប់អារម្មណ៍, សាលារៀន ត្រូវតែមានការកែទម្រង់ជាបន្តបន្ទាប់ តាមរយៈការជំរុញការបង្កើតសាលារៀនជំនាន់ថ្មី និងសាលាគំរូ និង ការបន្តធ្វើបច្ចុប្បន្នកម្ម​វិធីសិក្សានៅគ្រប់កម្រិតសិក្សា ដើម្បីបង្កើតបរិយាកាសមួយ ដែលធានាថា សាលារៀន គឺជាទីកន្លែងដែលសិស្សានុសិស្សចង់ទៅរៀន និងដែលផ្តល់នូវចំណេះដឹង និងការអប់រំប្រកបដោយគុណភាព ឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍ សេដ្ឋកិច្ច និងសង្គម។

ទី៦៖ ការចាប់យកកាលានុវត្តភាពដែលលេចចេញពីបដិវត្តន៍ឧស្សាហកម្មជំនាន់ទី ៤.០ និង បរិវត្តកម្មដ៏លឿននៃបច្ចេកវិទ្យា, ពិសេស បច្ចេកវិទ្យាឌីជីថល, ទាមទារឱ្យមានការលើកកម្ពស់ការអប់រំឌីជីថល; ការអភិវឌ្ឍហេដ្ឋារចនា-សម្ព័ន្ធឌីជីថល តាមសាលារៀន; និង ការជំរុញនូវការចាប់យកមុខវិជ្ជាវិទ្យា-សាស្រ្ត, បច្ចេកវិទ្យា, វិស្វកម្ម, សិល្បៈ និង គណិតវិទ្យា (STEAM) ។ ក្នុងន័យនេះលោកក៏សូមសម្តែងនូវការគាំទ្រ ដល់គំនិតផ្តួចផ្តើមនៃការអប់រំ តាមបែបឌីជីថល ដែលផ្តោតលើការកសាងបំណិនឌីជីថល ហើយយើងក៏ត្រូវគិតគូរបន្ថែម អំពីការអនុវត្តកម្មវិធីសិក្សា ដែលមានភាពបត់បែនបាន និងផ្សារភ្ជាប់ទៅនឹងតម្រូវការជាក់ស្តែង នៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងគន្លងអាជីពគ្រូបង្រៀន, ព្រមទាំងការបង្កើតប្រព័ន្ធអេកូឡូស៊ីសហគ្រិន ដែលផ្សារភ្ជាប់ការអប់រំ ទៅនឹងការដោះស្រាយបញ្ហាជាក់ស្តែង។

ទី៧៖ យុវជន គឺជាស្នូលនៃមូលធនមនុស្សរបស់កម្ពុជា ដែលយើងចាំបាច់ត្រូវការឱ្យពួកគាត់មានសុខភាពល្អ, មានគំនិតច្នៃប្រឌិតខ្ពស់ និង មានសីលធម៌ល្អ ស័ក្តិសមជាពលរដ្ឋល្អ ក្នុងសង្គមកម្ពុជា ដែលប្រកបដោយអារ្យធម៌ខ្ពស់ ។ ក្នុងន័យនេះក្រសួងអប់រំ យុវជន និងកីឡា មានភាពចាំបាច់ក្នុងការពង្រឹងនូវការលើកកម្ពស់សុខភាពសិក្សារបស់សិស្ស-និស្សិត ដោយផ្សារភ្ជាប់វិស័យកីឡាទៅនឹងវិស័យអប់រំ, ការបន្តជំរុញចលនា «យុវជនម្នាក់ ចេះកីឡាមួយប្រភេទយ៉ាងតិច ប្រចាំជីវិត» និងការផ្តល់ឱកាសឱ្យយុវជនបញ្ចេញនូវទេពកោសល្យរបស់ខ្លួន។ ទន្ទឹមនេះក្រសួងក៏ត្រូវផ្តោតជាសំខាន់ផងដែរ លើការអប់រំសីលធម៌ និងសុជីវធម៌, ការបណ្តុះទម្លាប់ និងស្មារតីគោរពច្បាប់ និងវិន័យល្អ ក្នុងនាមជាពលរដ្ឋ, ព្រមទាំងការបណ្តុះមនសិការស្រលាញ់ និងការពារវប្បធម៌ និងអត្តសញ្ញាណជាតិ។

បន្ថែមពីនេះលោកបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានបង្ហាញក្តីសង្ឃឹមដែរថា សន្និបាតនេះនឹងប្រែក្លាយអាទិភាពខាងលើ ទៅជាផែនការសកម្មភាពជាក់លាក់ ដើម្បីសម្រេចបាននូវគោលដៅអប់រំ ដោយមានកំណត់ជាសូចនាករសមិទ្ធកម្មច្បាស់លាស់។

លោកក៏បានគាំទ្រដល់ការសម្រួចអាទិភាពសកម្មភាពដែលផ្តោតលើលទ្ធផល និងការអនុវត្តការកែទម្រង់វិស័យអប់រំដែលផ្តោតលើការកសាងប្រព័ន្ធ និងការអភិវឌ្ឍសមត្ថភាព និងបានអះអាងថា កិច្ចការទាំងនេះពិតជាឆ្លើយតបទៅនឹងការដ្ឋាននៃការងារ កែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណ-ដំណាក់កាលទី៤ ក៏ដូចជាការគិតគូររៀបចំក្របខណ្ឌយុទ្ធសាស្ត្រ សម្រាប់រាជរដ្ឋាភិបាលថ្មី ក្នុងនីតិកាលទី៧ ខាងមុខផងដែរ។

បន្ថែមពីនេះលោកក៏បាន លើកទឹកចិត្តដល់លោក លោកស្រី ជាសមាជិក-សមាជិកានៃអង្គសន្និបាតទាំងមូល ធ្វើការពិភាក្សា និងផ្លាស់ប្តូរយោបល់, ចំណេះដឹង និងចំណេះធ្វើ ព្រមទាំងបទពិសោធន៍ និង ឧត្តមានុវត្តន៍ល្អៗ ដោយត្រង់ទៅត្រង់មក និងក្នុងស្មារតីស្ថាបនា ដើម្បីរិះរកវិធានការនានា សម្រាប់អនុវត្តនៅក្នុងឆ្នាំសិក្សាខាងមុខ ឱ្យកាន់តែមានគុណភាព និង ប្រសិទ្ធភាពខ្ពស់សំដៅឆ្លើយតបទៅនឹងសំណូមពរថ្មីៗនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា៕