(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ញើសាររំលែកទុក្ខជូ​នអ្នកឧកញ៉ា គិត ម៉េង និងភរិយា ព្រមទាំងក្រុមគ្រួសារ​ ចំពោះមរណភាពរបស់លោកស្រី គិត ហុងមៀន ដែលត្រូវជាបងស្រីបង្កើតរបស់អ្នកឧកញ៉ា។

សាររំលែកទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនអ្នកឧកញ៉ា គិត ម៉េង មានខ្លឹមសារទាំងស្រុងដូច្នេះថា «ខ្ញុំ និងភរិយា ទើបទទួលដំណឹងដ៏ក្រៀមក្រំ និងសោកស្តាយអំពីការទទួលមរណភាពរបស់ លោកស្រី គិត ហុងមៀន ដែលត្រូវជាបងស្រីបង្កើតរបស់អ្នកឧកញ៉ា កាលពីវេលាម៉ោង ៥៖១៥ នាទីល្ងាច ម៉ោងប្រទេសអូស្ត្រាលី នៅថ្ងៃសៅរ៍ ៣រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៣ ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយា សូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យ ចំពោះការបាត់បង់លោកស្រី គិត ហុងមៀន ជាបងស្រីបង្កើត ជាបងសីថ្ល ជាម្តាយ ម្តាយក្មេក និងជាជីដូន ដែលប្រកបដោយព្រហ្មវិហារធម៌មិនចេះរីងស្ងួត ដោយមួយជីវិតរបស់លោកស្រី បានលះបង់ទាំងកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអប់រំទូន្មានបុត្រធីតា ឲ្យប្រកបដោយគន្លងធម៌។

ខ្ញុំ និងភរិយា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកស្រី គិត ហុងមៀន សូមឆាប់បានចាប់កំណើតកើត ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម អ្នកឧកញ៉ា ព្រមទាំងក្រុមគ្រួសារ ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំ ពីខ្ញុំ
និងភរិយា»៕