(ភ្នំពេញ)៖ បុរសម្នាក់ដែលសារភាពថា ជាខ្មាន់កាំភ្លើងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី អ្នកវិភាគនយោបាយ កំពុងស្ថិតក្រោមការសាកសួររបស់សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅឡើយនៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បញ្ជាក់នៅព្រឹកថ្ងៃទី១១ ខែកក្កដា នេះថា សំណុំរឿងខ្មាន់កាំភ្លើងបាញ់សម្លាប់លោកបណ្ឌិត កែម ឡី កំពុងបន្តនីតិវិធីនិងអនុវត្តវិធានការស្រាវជ្រាវនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។
សូមជំរាបថា ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ ក្រោយពីបាញ់សម្លាប់លោកបណ្ឌិត កែម ឡី នៅវេលាម៉ោងប្រមាណជិត៩ព្រឹកថ្ងៃទី១០ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចក្នុងទីតាំង ស្តារម៉ាត នៃស្ថានីយប្រេងឥន្ធនៈកាល់តិច បូកគោ ស្ថិតនៅកាច់ជ្រុងមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន៕