(ព្រៃវែង)៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយប្រធាននាយកដ្ឋានធារាសាស្រ្តកសិកម្ម ប្រធាននាយកដ្ឋានវិស្វកម្ម មន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងមានការចូលរួមពីលោក សុខ ផេង អ្នកតំណាងរាស្រ្តមណ្ឌលព្រៃវែង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យផ្ទាល់ និងបញ្ជាលើការងារអន្តរាគមន៍ដោះស្រាយទឹកសង្រ្គោះស្រូវជូនដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ប្រមាណ ១,០៨០ហិកតា ត្រង់ទីតាំងចំណុចព្រែកតាតាំ ស្ថិតនៅក្នុងសង្កាត់កំពង់លាវ និងសង្កាត់ជើងទឹក ក្រុងព្រៃវែង ខេត្តព្រៃវែង។

សូមបញ្ជាក់ថា សកម្មភាពអន្តរាគមន៍សង្រ្គោះនេះ បានអនុវត្តតាំងពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣មក ដោយប្រើប្រាស់នូវម៉ាស៊ីនបូមទឹកខ្នាតតូច ដោយសារតែស្ថានភាពភូមិសាស្រ្តជាដីភក់បាតបឹង មិនអនុគ្រោះដល់ការប្រើប្រាស់គ្រឿងចក្រ និងម៉ាស៊ីនបូមទឹកធុនធ្ងន់។

ក្នុងឱកាសចុះពិនិត្យស្ថានភាពជាក់ស្តែង លោករដ្ឋមន្រ្តីធនធានទឹក និងឧត្តុនិយម បានបញ្ជាឱ្យបន្ថែមគ្រឿងចក្រធុនធ្ងន់ អ៉ិចស្កាវ៉ាទ័រ ចំនួន ០៣គ្រឿង ដើម្បីកាយប្រឡាយសម្រួលលំហូរទឹក និងម៉ាស៊ីនបូមទឹកកម្លាំង ៦៥សេស ចំនួន ០៤គ្រឿងបន្ថែមទៀត៕