(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យប្រើប្រាស់អគារ ចំនួនពីរ រួមនិងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ សមិទ្ធផលទាំងអស់ត្រូវបានចំណាយ ថវិកាសាងសង់សរុបជិត ១០លានដុល្លារអាមេរិក។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន៖
* សម្តេចតេជោ ហ៊ុន សែន ការឈ្នះពានយូរ៉ូឆ្នាំ២០១៦ របស់ពរទុយហ្គាល់ គឺជាប្រវត្តិសាស្រ្ត ហើយមនុស្សសុទ្ធតែសង្ឃឹមថា បារាំងឈ្នះ។
* សម្តេចតេជោ កោតសរសើរពីបំពាក់ឧបករណ៍បច្ចេកទេសនានា នៅក្នុងទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលេខផ្ទៃប្រទេស ហើយសង្ឃឹមថា នឹងមានការចូលរួម ពីសប្បុរសជន ដើម្បីធ្វើឲ្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសកាន់តែទំនើបកម្ម។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់សម្បុរសជន ដែលបានចូលរួមកសាង អគារកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងកោតសរសើរនាយឧត្តមសេនីយ៍ សៅ សុខា ដែលខិតខំអភិវឌ្ឍន៍ និងធ្វើឲ្យមាន ការកន្លែងការងារល្អប្រសើរសម្រាប់កងរាជអាវុធហត្ថ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ថ្លែងនឹកដល់ការកកើត នៃកងរាជអាវុធហត្ថ ត្រូវនឹកដល់លោក សាក់ ស៊ុតសាខន និងលោក ឈឹម ឱមយ៉ុន ដែលបានផ្តួចផ្តើម បង្កើតឲ្យមានស្ថាប័នកងរាជអាវុធហត្ថ ដែលដាក់ក្រោមការបញ្ជាផ្ទាល់របស់នាយករដ្ឋមន្រ្តី តែការផ្គត់ផ្គង់ភស្តុភារបស់ក្រសួង។
* ជាថ្មីម្តងទៀតសម្តេចតេជោ ហ៊ុន សែន បានសម្តែងមរណទុក្ខក្រៀមក្រំ ជាមួយក្រុមគ្រួសារសពលោកបណ្ឌិត កែម ឡី ដែលជាអ្នកវិភាគល្បាញល្បីនៅកម្ពុជា និងថ្កោលទោសដាច់ណាត់ចំពោះអំពើឃោរឃៅ ហើយត្រូវមានការចាត់វិធានការតឹងរឹង។
* ពាក់ព័ន្ធការបាញ់ប្រហារលើលោក កែម ឡី សម្តេចតេជោ បានចោទសួរតើនរណា នឹងទទួលបានផលចំណេញពីសោកនាដកម្មនេះ គ្រាដែលរាជរដ្ឋាភិបាល កំពុងតែនិយាយអំពីសុខសន្តិភាព នៅកម្ពុជា ដែលជាការផ្ចាញ់ផ្ចាល់មួយសម្រាប់រាជរដ្ឋាភិបាល។ សម្តេចតេជោ អំពាវនាវប្រជាពលរដ្ឋឲ្យរក្សាភាពស្ងប់ស្ងាត់ ទុកពេលឲ្យកងកម្លាំងសមត្ថកិច្ច ធ្វើការស្រាវជ្រាវដោយល្អិតល្អន់ ដើម្បីកុំឲ្យប្រែក្លាយសោកនាដកម្មនេះ ទៅជាបញ្ហាផ្សេងទៀត។
* សម្តេចតេជោ ហ៊ុន សែន ក៏ស្នើសុំឲ្យអ្នកនយោបាយដទៃទៀត កុំឲ្យយកឃាតកម្មលើលោក កែម ឡី ធ្វើជារឿងនយោបាយ។
* សម្តេចតេជោ ហ៊ុន សែន ស្នើដល់កងកម្លាំងសមត្ថកិច្ចលុបបំបាត់ឲ្យនូវអំពើឃាតកម្ម និងចោរកម្មផ្សេងៗ ហើយដាក់វិធានការដោះស្រាយបញ្ហាជាកញ្ចប់ ដើម្បីទប់ទល់បញ្ហាឧក្រិដ្ឋកម្ម
* សម្តេចតេជោ បានចោទសួរថា «តើនេះជាការផ្ចាញ់ផ្ចាលមួយឬ គ្រាដែលខ្ញុំកំពុងនិយាយពីការសប្បាយរីករាយ របស់ប្រជាពលរដ្ឋនៅក្រោមដំបូលសន្តិភាព។ ខ្ញុំសង្ឃឹមថា ប្រជាពលរដ្ឋមិនប្រែក្លាយបញ្ហាឧក្រិដ្ឋកម្ម ទៅជារឿងផ្សេង។ យើងត្រូវបិទក្រោល មុនសេះចេញពីក្រោល»។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង៨៖៥២នាទី!៕