(សៀមរាប)៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានដឹកនាំប្រតិភូដែលជាសម្ពន្ធមេត្រីភាពចុះសួរសុខទុក្ខសំណេះសំណាល និងអំណោយជូនពរដល់នាយទាហាន-ពលទាហាននៃយោធភូមិភាគទី៤ នៅទីបញ្ជាការដ្ឋានយោធភូមិភាគទី៤ ស្ថិតនៅភូមិស្ពានក្អែក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប នាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
នាឱកាសនោះ លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤ បានឡើងថ្លែងអំពីរបាយការណ៍សមិទ្ធផល សកម្មភាពការងារ តម្រូវការ និងកិច្ចការកងទ័ពរបស់នាយទាហាន-ពលទាហានដែលចំណុះយោធភូមិភាគទី៤ជូនគណៈអធិបតី។
លោក ឡុង កុសល អគ្គនាយករងអាជ្ញាធរជាតិអប្សរា ក៏បានថ្លែងអំណរគុណចំពោះវីរភាព សកម្មភាពចូលរួមក្នុងកិច្ចការជួយសង្គម ការពារជាតិមាតុភូមិ ព្រមទាំងស្នាដៃនៃការយកចិត្តទុកដាក់ផ្សេងៗទៀត ដែលនាយទាហាន-ពលទាហានយោធភូមិភាគទី៤បានចូលរួមកន្លងមក។
ទន្ទឹមនឹងនោះ លោករដ្ឋមន្ត្រី ថោង ខុន បានឱ្យដឹងថា ដោយអនុវត្តតាមសេចក្តីសម្រេចលេខពិសេសរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍បានចងសម្ពនមេត្រីភាពជាមួយយោធភូមិភាគទី៤។ គិតចាប់ពីឆ្នាំ២០១០ មកដល់បច្ចុប្បន្ននេះ ក្រសួងទេសចរណ៍រួមជាមួយអាជ្ញាធរជាតិអប្សរា សមាគមទេសចរណ៍កម្ពុជា (CATA) ក្រុមហ៊ុនឯកជន បានចុះមកសួរសុខទុក្ខកងទ័ពនៃយោធភូមិភាគ៤ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិបានចំនួន១២លើកមកហើយ (បូករួមនឹងឆ្នាំ២០២៣នេះ)។
លោករដ្ឋមន្ត្រីបានថ្លែងកោតសរសើរដល់នាយទាហាន-ពលទាហាននៃយោធភូមិភាគទី៤ ចំពោះកិច្ចការពារសន្តិភាព អធិបតេយ្យ បូរណភាពទឹកដីក្នុងឆន្ទៈដ៏មុះមុត ព្រមទាំងការតស៊ូរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ រហូតដល់ពេលបច្ចុប្បន្ន ដូចសម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកឡើងថា យើងបានឆ្លងកាត់វាលធំៗ៣ គឺវាលសង្គ្រាម វាលគ្រោះទុរ្ភឹក្ស និងវាលជំងឺតម្កាត់។
លោកបានថ្លែងអំណរគុណចំពោះពលីកម្មរបស់កងទ័ពដែលបានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រហូតដល់រួចផុតពីជំងឺនេះដោយជោគជ័យ ក្រោមការដឹកនាំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដោយបានបើកប្រទេសឡើងវិញនៅខែវិច្ឆិកា ឆ្នាំ២០២១ ដែលបានធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច សង្គម និងវិស័យទេសចរណ៍មានការងើបឡើងវិញ។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានលើកឡើងពីវិស័យទេសចរណ៍កម្ពុជា ដែលនៅឆ្នាំ២០២២កន្លងទៅ ទទួលបានទេសចរអន្តរជាតិប្រមាណ២.២លាននាក់។ ឆ្នាំ២០២៣នេះ កម្ពុជាងនឹងអាចទាក់ទាញទេសចរអន្តរជាតិបានប្រមាណ៤លានទៅ៤.៥លាននាក់ ហើយសង្ឃឹមថាចំនួនទេសចរអន្តរជាតិអាចនឹងត្រឡប់ទៅរកស្ថានភាពដូចមុនវិបត្តិជំងឺកូវីដ-១៩ នឹងអាចទទួលបានចំនួន៧លាននាក់នៅឆ្នាំ២០២៦ និងទេសចរក្នុងស្រុកប្រមាណ១៧លាននាក់ នៅឆ្នាំ២០២៥ខាងមុខ។
លោកថា ជោគជ័យខាងលើនេះក៏បានមកពីការរួមចំណែករបស់នាយទាហាន-ពលទាហាននៃយោធភូមិភាគទី៤ ក្រោយការដឹកនាំនិងបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៤។
លោកបានកោតសរសើរដល់កងទ័ពនៃយោធភូមិភាគទី៤ ដែលបានចូលរួមដឹកជញ្ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្តចាកចេញពីតំបន់អង្គរ ផ្លាស់ទៅរស់នៅក្នុងភូមិធម្មជាតិរុនតាឯក និងតំបន់ពាក់ស្នែង។
លោករដ្ឋមន្ត្រីបានកោតសរសើរអំពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត (ខួប១០ឆ្នាំ) ដែល ជាព្រឹត្តិការណ៍វប្បធម៌ដ៏ធំ និងក្រើនរំឭកឱ្យយកចិត្តទុកដាក់ចំពោះការជួយរៀបចំការពារសន្តិសុខ សណ្តាប់ធ្នាប់ដល់ព្រឹត្តិការណ៍នេះ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣។
លោករដ្ឋមន្ត្រីក៏បានជម្រាបអំពីដំណើរការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅអំឡុងខែឧសភា ឆ្នាំ២០២៣ខាងមុខ។ លើសពីនេះ លោករដ្ឋមន្ត្រីក៏បានរំលឹកអំពីការត្រៀមចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ហើយអំពាវនាវឱ្យកងទ័ពនិងក្រុមគ្រួសារដែលគ្រប់អាយុបោះឆ្នោតឱ្យទៅបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។
គួរជម្រាបថា លោករដ្ឋមន្ត្រី ថោង ខុន ព្រមទាំងថ្នាក់ដឹកនាំ-មន្ត្រីរាជការក្រសួងទេសចរណ៍ អាជ្ញាធរជាតិអប្សរា មន្ទីរទេសចរណ៍រាជធានី-ខេត្ត គ្រឹះស្ថានអង្គរ សមាគមន៍ទីភ្នាក់ងារទេសចរណ៍ (លោកស្រី ឆាយ ស៉ីវលីន ក៏បានចូលរួមនាឱកាសនោះដែរ) ក្រុមហ៊ុនវឌ្ឍនៈប្រ៊ូវើរី ឯ.ក បានចូលរួមឧបត្ថម្ភថវិកា និងគ្រឿងឧបភោគបរិភោគ ក្នុងនោះមានថវិកាសរុបជាប្រាក់រៀល៤៧,៧២០,០០០រៀល ស្រាបៀរ២១៥កេស ភេសជ្ជៈគ្រុឌអាយ២០០កេស ទឹកបរិសុទ្ធ២១៥កេស មី១៥២កេស ទឹកត្រី៩០យួរ ទឹកស៊ីអ៉ីវ៩០យួរ ត្រីខ១កេសធំ និងអង្ករ១.៥តោន៕