(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធី ពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធសមិទ្ធផលនានាក្នុង វត្តរតនផ្កាយព្រឹក្ស (ហៅវត្តផ្កាយព្រឹក្ស) ស្ថិតក្នុងភូមិបរិបូរណ៍ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
ព្រះវិហារចាប់ផ្ដើមសាងសង់ពីឆ្នាំ២០១៧ និងសាងសង់រួចស្ថាពរនៅឆ្នាំ២០២៣ ដែលព្រះវិហារនេះមានបណ្ដោយ១០ម៉ែត្រ ទទឹង៨ម៉ែត្រ ធ្វើពីបេតុងអាមេ តាមរចនាបទព្រះពុទ្ធសាសនា ដែលជាសមិទ្ធផលថ្មីមួយទៀត ក្នុងចំណោមសមិទ្ធផលទាំងឡាយនៅក្នុងស្រុករតនមណ្ឌល ដែលផុសចេញពីទឹកព្រះទ័យ ទឹកចិត្តដ៏ល្អរបស់សប្បុរសជនជិតឆ្ងាយ ដែលមានជំនឿលើព្រះពុទ្ធសាសនា ក្នុងការចូលរួមចំណែកផ្ដល់ការគាំទ្រតាមរយៈការផ្ដល់ជាសម្ភារៈ ថវិកាសម្រាប់ជួយក្នុងការសាសង់ព្រះវិហារថ្មីនេះ។
លោកអភិបាលខេត្ត បានលើកឡើងថា នេះជាសមិទ្ធផលថ្មីមួយទៀត ដែលប្រជាពលរដ្ឋសប្បុរសជន ពុទ្ធបរិស័ទ្ធ យើងនាំគ្នាកសាងវត្តនេះឡើង សម្រាប់ជាទីសក្ការ:របស់ពលរដ្ឋយើង ដែលភាគច្រើនជាអ្នកកាន់ព្រះពុទ្ធសាសនា ស្រមទៅតាមច្បាប់បានកំណត់ថា សាសនាព្រះពុទ្ធជាសាសនារបស់រដ្ឋ៕