(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦នេះ អញ្ជើញជាអធិបតីសម្ពោធដាក់ឲ្យ ប្រើប្រាស់អគារចំនួនពីរ រួមនិងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀតនៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ សមិទ្ធផលទាំងអស់ត្រូវបានចំណាយថវិកាសាងសង់សរុបជិត ១០លានដុល្លារអាមេរិក។
Fresh News នឹងធ្វើការផ្សាយផ្ទាល់កម្មវិធីនេះ។
អគារសេនាធិការដ្ឋាន នៃកងរាជអាវុធ ដែលបើកសម្ពោធដាក់ឲ្យប្រើប្រាស់បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣។ អគានេះសាងសង់លើផ្ទៃដីទំហំ ៨,៨២០ម៉ែត្រការ៉េ មានកម្ពស់ ៩ជាន់ ទទឹងប្រវែងស្មើ ១៤ម៉ែត្រ បណ្តោយប្រវែង ៧០ម៉ែត្រ ចំណាយថវិកា ២,៤៥០,០០០ដុល្លារ។ អគារទី២ ដែលជាអគារស្នាក់នៅរបស់កម្លាំងកងអន្តរាគមន៍មានផ្ទៃក្រឡាទំហំស្មើ ៣,៣៦០ម៉ែត្រការ៉េ កម្ពស់ ៥ជាន់ ទទឹងស្មើ ១២ម៉ែត្រ បណ្តោយប្រវែង ៥៦ម៉ែត្រ ចំណាងថវិកា ៧៦០,០០០ដុល្លារ។
ក្រៅពីអគារទាំងពីរខាងលើ នៅមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងសង្ហារឹមជាច្រើនទៀត ត្រូវបានកសាង និងបំពាក់ក្នុងអគារទាំងពីរខាងលើ សម្រាប់មន្រ្តីកងរាជអាវុធហត្ថបំពេញការងារ។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ចំណាយថវិកាសរុប ៥,០២២,០៦៣ដុល្លារ៕