(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ១០ ខែមេសា ឆ្នាំ២០២៣ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រស្តីពីការកសាង និងការអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ជូនដល់គ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៃរាជធានី-ខេត្ត រដ្ឋបាលរាជធានីខេត្ត ដែលមានអ្នកចូលរួមសរុបប្រមាណ ៣០០ នាក់។
ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំ របស់បណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និង ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងស្ថាប័ន ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងស្ថាប័ន មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីខេត្ត រដ្ឋបាលរាជធានីខេត្ត គ្រឹះស្ថានសាធារណៈរដ្ឋបាល និងតំណាងដៃគូអភិវឌ្ឍពាក់ព័ន្ធ។
បណ្ឌិតសភាចារ្យ ហ៊ាន សាហ៉ីប បានគូសបញ្ជាក់ថា ការដាក់ឱ្យអនុវត្តផែនការយុទ្ធសាស្ត្រស្តីពីការកសាង និង ការអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាល ទី៤ នៅថ្ងៃនេះ គឺជាកិច្ចការដ៏សំខាន់មួយទៀត របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សំដៅរួមចំណែកអភិវឌ្ឍសមត្ថភាព ជំនាញវិជ្ជាជីវៈ ប្រកបដោយគុណភាព នវានុវត្តន៍ និង មនសិការ ជូនមន្រ្តីជំនាញហិរញ្ញវត្ថុសាធារណៈ។
បណ្ឌិតសភាចារ្យបានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តីនៃកម្ពុជា តែងចាត់ទុកការអភិវឌ្ឍធនធានមនុស្សជាអាទិភាពក្នុងការអនុវត្ត «យុទ្ធសាស្ត្រចតុកោណ» នៅគ្រប់ដំណាក់កាល ពិសេសបានក្លាយជាអាទិភាពទី ១ នៅក្នុងដំណាក់កាលទី៣ និងទី៤ សំដៅលើកកម្ពស់ចំណេះដឹង ជំនាញវិជ្ជាជីវៈ សមត្ថភាព ការច្នៃប្រឌិត និងការទទួលខុសត្រូវខ្ពស់។
បណ្ឌិតសភាចារ្យក៏បានបញ្ជាក់ផងដែរថា ឆ្លើយតបនឹងតម្រូវការអនុវត្តការកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងដំណាក់កាលទី ៤ នេះ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការកសាង និង ការអភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ សំដៅធ្វើឱ្យការបណ្ដុះបណ្ដាល និងវិក្រឹតការ ត្រូវបានប្រមូលផ្ដុំ ជាប្រព័ន្ធ និង គ្រប់ជ្រុងជ្រោយ ពិសេសកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស កម្រិតវិញ្ញាបនបត្រ (Certificate Program) ផ្សារភ្ជាប់មុខតំណែងលើជំនាញពាក់ព័ន្ធ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានរៀបចំ និង អនុវត្ត ឆ្លើយតបតម្រូវការចាំបាច់ ស្របតាមកម្រិតគុណវុឌ្ឍិវិជ្ជាជីវៈ និង ក្របខណ្ឌសមត្ថភាពជំនាញហិរញ្ញវត្តុសាធារណៈ។
បណ្ឌិតសភាចារ្យបានសង្កត់ធ្ងន់ថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងដំណាក់កាលទី៤នេះ ការផ្ទេរសិទ្ធអំណាច ភាពជាម្ចាស់ និង ការទទួលខុសត្រូវ មានកាន់តែច្រើនទ្បើងដល់ក្រសួង ស្ថាប័ន និង មន្ទីរអង្គភាពជំនាញក្រោមឱវាទ រួមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការរៀបចំ និង ការអនុវត្តថវិកាកម្មវិធីពេញលេញ និង អង្គភាពថវិកា។ ការណ៍នេះ ធ្វើឱ្យគ្រប់ក្រសួងស្ថាប័ន ចាំបាច់ត្រូវបង្កើនការយកចិត្តទុកដាក់ថែមទៀត លើការពង្រឹងពង្រីកសមត្ថភាព និងជំនាញវិជ្ជាជីវៈ ជូនមន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ។
ទន្ទឹមនេះ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ដែលត្រូវបានប្រកាសឱ្យប្រើកាលពីថ្ងៃទី ១០ ខែមីនា ឆ្នាំ២០២៣ ក្នុងមាត្រា ១៤ ចែងថា មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈ នៃក្រសួង ស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈ តាមប្រភេទមុខតំណែងការងារនីមួយៗ។ គុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងការងារនីមួយៗនេះ ត្រូវកំណត់ដោយអនុក្រឹត្យ តាមការស្នើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង បទប្បញ្ញត្តិពាក់ព័ន្ធ ជាធរមាន។
ក្នុងន័យនេះ ផែនការយុទ្ធសាស្ត្រកសាង និងអភិវឌ្ឍសមត្ថភាព ដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ឱ្យប្រើពេលនេះ គឺពិតជាមានសារៈសំខាន់ សម្រាប់ជាត្រីវិស័យតម្រង់ទិស លើការបណ្តុះបណ្តាល និងវិក្រឹតការសមត្ថភាពមន្ត្រីរាជការ ទាំងចំណេះដឹង ជំនាញ អាកប្បកិរិយា និងឥរិយាបថបំពេញការងារ និងកសាងមូលធនមនុស្ស ប្រកបដោយការទទួលខុសត្រូវ ភាពម្ចាស់ការ និង ទាមទារការចូលរួម ដោយបុរេសកម្ម និង សកម្មពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ ទាំងនៅថ្នាក់ជាតិ និង នៅរដ្ឋបាលថ្នាក់ក្រោមជាតិ រួមនឹងកិច្ចសហការ និង ការគាំទ្រទាំងហិរញ្ញវត្ថុ និងបច្ចេកទេសពីដៃគូអភិវឌ្ឍ សំដៅឆ្លើយតបតម្រូវការអនុវត្តការកែទម្រង់ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤៕