(កោះកុង)៖ លោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ បានត្រួតពិនិត្យកងកម្លាំងនគរបាល និងបានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលទាំងអស់ ត្រៀមលក្ខណៈសម្បត្តិ និងសម្ភារឲ្យបានគ្រប់គ្រាន់ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ក្នុងដំណើរកំសាន្តថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

លោកឧត្តមសេនីយ៍ទោ គង់ មនោ បានថ្លែងថា ដើម្បីអនុវត្តន៍តាមបទបញ្ជារបស់ក្រសួងមហាផ្ទៃ និងការណែនាំរបស់លោកស្រីអភិបាលខេត្ត ដើម្បីការពារសុវត្ថិភាពប្រជាពលរដ្ឋ ភ្ញៀវជាតិ-អន្តរជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី, កម្លាំងទាំងអស់ ត្រៀមលក្ខណៈសម្បត្តិ និងសម្ភារឲ្យបានគ្រប់គ្រាន់ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋនៅពេលពួកគាត់ជួបហេតុការណ៍ណាមួយ ក្នុងនោះរួមមាន រថយន្តសង្រ្គោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ អូរប័រ ម៉ូតូ និងសម្ភារផ្សេងៗទៀត។

លោកឧត្តមសេនីយ៍ទោស្នងការ បានបន្តថា កម្លាំងនគរទាំងអស់គ្រប់ក្រុងស្រុករហូតដល់ប៉ុស្តិ៍រដ្ឋបាលមូលដ្ឋាន ត្រូវធ្វើការប្រចាំការណ៍ ២៤លើស២៤ម៉ោងហើយ រៀបចំសណ្តាប់ធ្នាប់ និងសម្រួលចរាចរណ៍ ទប់ស្កាត់រាល់បទល្មើសកុំឲ្យមានកើតឡើងឲ្យសោះទាំងផ្លូវទឹកទាំងផ្លូវគោក។

លោកស្នងការ បានបន្តថា មន្ត្រីនគរបាលទាំងអស់នៅតាមមូលដ្ឋាន ត្រូវធ្វើការផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាននៅពេលពួកគាត់មកដំណើរទេសចរណ៍កំសាន្តនៅតាមរម្មនីយ៍ដ្ឋាន តំបន់ទេសចរណ៍នានាទាំងផ្លូវទឹក ផ្លូវគោក ត្រូវផ្តល់លេខទូរស័ព្ទជូនគាត់ ឬសុំលេខពួកគាត់មកវិញដើម្បីងាយស្រួលធ្វើការទំនាក់ទំនងនៅពេលពួកគាត់ជួបហេតុការណ៍ណាមួយ ហើយមន្ត្រីនគរបាលគ្រប់រូបត្រូវមានវិជ្ជជីវៈក្រមសិលធម៌ល្អ គោរពវិន័យនគរបាលជាតិនិងបំពេញនៅកាតព្វកិច្ចអនុវត្តន៍ទៅតាមតួនាទីនិងជំនាញរបស់ខ្លួន។

លោកស្នងការបានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងភ្ញៀវជាតិ-អន្តរជាតិ សូមបើកបរគោរពច្បាប់ចរាចរណ៍ ចេះយោគយល់គ្នា ចេះអនុគ្រោះឲ្យគ្នាទៅវិញទៅមកចេះស្រលាញ់សាមគ្គីចេះជួយគ្នាក្នុងគ្រាមានអាសន្ន៕