(កំពង់ឆ្នាំង)៖ ឱកាសសង្ក្រាន្តឆ្នាំថ្មីនាថ្ងៃខាងមុខនេះ នៅក្នុងខេត្តកំពង់ឆ្នាំង គេសង្កេតឃើញនៅតាមមន្ទីរអង្គភាពជុំវិញខេត្ត ពិសេសក្នុងក្រុងកំពង់ឆ្នាំង ក៏ដូចជានៅតាមបណ្ដាទីវត្តអារាមនានា សហគមន៍ទេសចរណ៍ និងតំបន់ទេសចរ ណ៍ជាច្រើន រួមទាំងទីកន្លែងសប្បាយផ្សេងៗនៅតាមមូលដ្ឋានជាច្រើនទៀតទូទាំងខេត្ត បាននិងកំពុងតែរៀបចំតុបតែងលម្អ រំលេចទៅដោយផ្កាភ្ញី ភ្លើងពណ៌ផ្សេងៗទាំងការសំអាតបរិស្ថាន និងអនាម័យ ប្រកបទៅដោយសោភ័ណ ភាពល្អ ដើម្បីទទួលទេវតាឆ្នាំថ្មី និងជាកន្លែងលេងកម្សាន្តដែលមើលទៅគួរឱ្យជាទីគយគន់ និងបង្ករភាពសប្បាយរីករាយក្នុងឱកាសការឈប់សម្រាករយៈពេល ៣ថ្ងៃនេះផងដែរ។
លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃ ទី១០ ខែមេសា ឆ្នាំ២០២៣ថា ចំពោះព្រឹត្តិការណ៍មហាសង្ក្រាន្តឆ្នាំថ្មី រយៈពេល ៣ថ្ងៃខាងមុខនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលមានលោក ស៊ុន សុវណ្ណារិទ្ធិ ជាអភិបាលខេត្ត បានរៀបចំទីតាំងកំសាន្តជាច្រើននៅក្នុងក្រុងកំពង់ឆ្នាំង ដើម្បីត្រៀមសម្រាប់ទទួលបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ មកចូលរួមលេងកំសាន្ត រយៈពេល៣យប់៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ដែលជាបុណ្យប្រពៃណីជាតិយើង ក្នុងនោះមានដូចជាតំបន់ត្រជាក់ដែលបានរៀបចំតុបតែងលម្អទៅដោ យភ្លើងចម្រុះពណ៌ និងបំពាក់ទៅដោយឧបករណ៍បាញ់ទឹកពីលើ និងទីតាំងបាញ់ទឹកតាមចង្វាក់ភ្លេងនៅមុខសាលាខេត្ត ដែលទើបតែសម្ពោធដាក់ឲ្យប្រើប្រាស់ រួមទាំងការតាំងពិពណ៌ និងមានវង់តន្ត្រីប្រគុំជូនរយៈពេល៣យប់ ៣ថ្ងៃផងដែរ។
ដោយឡែកនៅតាមបណ្ដាតំបន់ទេសចរណ៍ រមណីយដ្ឋាន និងសហគមន៍ទេសចរណ៍ជាច្រើនកន្លែងទៀត នៅតាមបណ្ដាស្រុកទូទាំងខេត្ត និងនៅតាមទីវត្តអារាមនានា ក៏បានរៀបចំតុបតែងសង្ក្រាន្ត ដើម្បីត្រៀមក្នុងពិធីបុណ្យចូល ឆ្នាំថ្មី ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍នានា មកលេងកម្សាន្តផងដែរ។
លោកបានបញ្ជាក់ថា នៅតាមបណ្ដាទីវត្តអារាម និងសាលារៀនមួយចំនួនកន្លងមកក៏បានរៀបចំពិធីសង្ក្រាន្តឆ្នាំថ្មី ជាបន្តបន្ទាប់ ដោយមានប្រជាពលរដ្ឋយ៉ាង ច្រើនកុះករបានចូលរួមលេងកំសាន្តសប្បាយប្រកបទៅដោយភាព រីករាយខ្ញៀវខ្ញា និងសុខសន្តិភាព ដោយកន្លែងខ្លះក៏មានថ្នាក់ដឹកនាំសំខាន់ៗ បានចូលរួមលេងសប្បាយជាមួយនឹងបងប្អូនប្រជាពលរដ្ឋ ប្រកបទៅដោយភាពរីករាយ និងភាពស្និទ្ធស្នាល។
លោក សុខ ធួក ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា នៅក្នុងសង្ក្រាន្តឆ្នាំថ្មីនេះ លោកក៏បានចូលរួមណែនាំដល់ប្រជាពលរដ្ឋដោយសុំឲ្យការលេងកម្សាន្ត សុំកុំភ្លេចនាំមកលេងនៅល្បែងប្រជាប្រិយខ្មែរយើង ដូចជាចោលឈូង បោះអង្គុញ ទាញព្រាត់ និងល្បែងប្រជាប្រិយរបស់ខ្មែរយើងជាច្រើនទៀត ដែលជាល្បែងប្រពៃណីជាតិ ដើម្បីនាំគ្នាជួយអភិរក្សនិងថែរក្សានូវវប្បធម៌ជាតិយើងកុំឲ្យបាត់បង់។
ដោយឡែកលោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១០ ខែមេសាថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ មន្ទីរសុខាភិបាល បានត្រៀមទីតាំងសម្រាប់ការទទួលអ្នកជំងឺមកសម្រាកព្យាបាល និងក្រុមគ្រូពេទ្យជាច្រើននាក់ដើម្បីត្រៀមជួយសង្គ្រោះដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជំងឺដង្កាត់ និងជួបគ្រោះថ្នាក់ផ្សេងៗជាយថាហេតុ។ លោកបានណែនាំដល់មណ្ឌលសុខភាពគ្រប់មណ្ឌលនៅទូទាំងខេត្ត ត្រូវតែត្រៀមលក្ខណៈជាប់ជាប្រចាំចំពោះការថែទាំព្យាបា លអ្នកជំងឺ និងការជួយសង្គ្រោះបន្ទាន់នៅគ្រប់មណ្ឌលសុខភាព។
ក្នុងនោះដែរ លោកក៏បានសុំអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នចំពោះចំណីអាហារ គឺការ លក់ដូរ និងការទទួលទានចំណីអាហារត្រូវតែមានអនាមយ ពិសេសបងប្អូនប្រជាពលរដ្ឋដែលពិសាស្រាស មិនត្រូវលាយជាមួយភេសជ្ជៈផ្សេងៗដែលអាចធ្វើឲ្យពុល ឬក៏មានការរាគរូសដោយប្រការណាមួយ៕