(ភ្នំពេញ)៖ នាព្រឹកថ្ងៃចន្ទ ទី១០ ខែមេសា ឆ្នាំ២០២៣ លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងជាប្រធានអនុសាខាកាកបាទក្រហមខណ្ឌ និងភរិយា លោកស្រី ស៊ុយ សែនសករាជ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានសាខាកាកបាទក្រហមរាជធានី បន្តចែកជូនដល់បងប្អូន ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត៥០គ្រួសារ ស្ថិតក្នុងភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ អំណោយរួមមាន៖ អង្ករ០១បាវ ២៥គីឡូ មី១កេស និងទឹកត្រី១យួរ។
ក្នុងពិធីសំណេះសំណាលដែលជាការបង្ហាញខ្លួនក្នុងនាមជាថ្នាក់ដឹកនាំខណ្ឌនេះ លោក ធឹម សំអាន ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទក្ខពីសំណាក់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ ជាមួយគ្នានោះ លោកអភិបាលខណ្ឌ បានជំរាបជូនប្រជាពលរដ្ឋ អំពីការអភិវឌ្ឍន៍ និងការរីកចម្រើននូវហេដ្ឋារចនាសម្ព័ន្ឋរបស់ប្រទេសជាតិ ពិសេសរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។
នៅក្នុងឱកាសនោះលោក ធឹម សំអាន ក៏បានជំរាបជូនប្រជាពលរដ្ឋថា រូបលោក និងមន្ត្រីខណ្ឌ គឺជាអ្នកបម្រើរបស់ប្រជាពលរដ្ឋ ដូច្នេះបើប្រជាពលរដ្ឋជួបបញ្ហាលំបាក ឬបញ្ហាប្រឈមណាមួយ សូមអញ្ជើញទៅតាមសាលាសង្កាត់ ឬតាមស្នាក់ការភូមិ ឬស្នាក់ការគណបក្សប្រជាជនកម្ពុជា ដែលនៅជិតៗផ្ទះ ដើម្បីអាជ្ញាធរដោះស្រាយជូនភ្លាមៗ។
ស្របពេលដែលពិធីបុណ្យចូលឆ្នាំថ្មីមកដល់ លោកអភិបាលខណ្ឌ ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះភ្លើងទៀន ភ្លើងធូប ចង្ក្រានហ្គាស់ ប្រព័ន្ធខ្សែភ្លើងនៅក្នុងផ្ទះ ត្រូវត្រួតពិនិត្យឲ្យបានហ្មត់ចត់ បំផុត មុននិងចេញពីផ្ទះទៅកំសាន្តនៅតាមរម្មណីដ្ឋាននានា បង្កាខ្លាចកើតមានគ្រោះអគ្គីភ័យ។
លោក ធឹម សំអាន ក៏បានណែនាំប្រជាពលរដ្ឋ រស់នៅស្អាត ផឹកស្អាត និងចូលរួមថែរក្សាអនាម័យ បរិស្ថាន ព្រមទាំងបន្តចូលរួមអនុវត្តន៍នូវវិធានការរបស់ក្រសួងសុខាភិបាល ដើម្បីថែរក្សាសុខភាព នាឱកាសកំសាន្តសប្បាយបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខែ្មរយើង៕