(ភ្នំពេញ)៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ខេត្តតាកែវ បានធ្វើស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៤នាក់ ក្រោយបុរសវ័យចំណាស់ម្នាក់បានដាក់ពាក្យប្តឹងចៅបង្កើតរបស់ខ្លួន បានលួចគាស់លួចយកលុយអស់ជាង១ម៉ឺនដុល្លារ រួមទាំងខ្សែក២ខ្សែ កាលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ។
លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ហេតុការណ៍ខាងលើបានកើតឡើងនៅចំណុចភូមិមហាសេនា ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
ក្រោយពីកើតហេតុ និងទទួលបានពាក្យបណ្ដឹងជនរងគ្រោះ មានករណីជនសង្ស័យ ប្រដាប់ដោយកាំបិតបានធ្វើសកម្មភាពគាស់ទ្វារផ្ទះ និងគាស់ថតតុរបស់បុរសឈ្មោះ អ៊ុយ ម៉ៅ អាយុ៦៩ឆ្នាំ ភូមិមហាសេនា ឃុំតាភេម យកបានសម្ភាររួមមាន ខ្សែកមាសចំនួន២ខ្សែ ប្រាក់ដុល្លារចំនួន១៤,៥០០ដុលា្ល រួចគេចខ្លួនបាត់នៅពេលជីតា ជីដូន និងក្រុមគ្រួសារចេញទៅឆេងម៉េងអស់។
ភ្លាមៗនោះសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវដោយមានបទបញ្ជាពីស្នងការនគរបាលខេត្ត ព្រមទាំងដឹកនាំសម្របសម្រួលដោយព្រះរាជអាជ្ញាសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ កម្លាំងជំនាញនៃអធិការដ្ឋាន នគរបាលស្រុកដឹកនាំផ្ទាល់ដោយលោក ឌុក ធីយ៉ា សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពត រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំងនេះតែម្តង។
ជនសង្ស័យឈ្មោះ មូល ពិសិដ្ឋ ហៅពេជ្រ អាយុ១៦ឆ្នាំ ត្រូវជាចៅបង្កើតជនរងគ្រោះ ជាអ្នកធ្វើសកម្មភាពលួច ក្នុងនោះដកហូតវត្ថុតាង ម៉ូតូម៉ាកនិច ផលិតឆ្នាំ២០២៣ គ្មានផ្លាកលេខ១គ្រឿង ទូរស័ព្ទ iPhone 13 Pro មួយគ្រឿង, ខ្សែក២ខ្សែ និងប្រាក់ដុល្លារចំនួន១ម៉ឺនដុល្លារ។
ដោយឡែកបក្ខពួក៣នាក់ទៀត ដែលទទួលផលចោរកម្មដែលជនសង្ស័យខាងលើទិញឲ្យនោះ រួមមាន ឈ្មោះ អ៉ឹង សុភានុត អាយុ១៧ឆ្នាំ, ឈ្មោះ រ៉េន ចាន់យូរ អាយុ១៧ឆ្នាំ និងឈ្មោះ ហេង មករា អាយុ១៧ឆ្នាំ។
បច្ចុប្បន្នកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកត្រាំកក់ កំពុងសាកសួរ និងកសាងសុំណុំរឿងបញ្ជូនក្រុមជនសង្ស័យទៅកាន់តុលាការចាត់ការតាមផ្លូវច្បាប់៕