(ភ្នំពេញ)៖ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្ដីទី នៃកម្ពុជា នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ បានផ្ញើសារលិខិតអបអរសាទរ និងជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្តី្រ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងឱកាសដែលព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យប្រោសព្រះរាជទានគោរមងារ «សម្ដេចកិត្តិសង្គហបណ្ឌិត»។
ក្នុងឱកាសដ៏មហាប្រពៃថ្លៃថ្លានេះ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ សូមសម្តែងនូវមនោសញ្ចេតនារំភើបរីករាយ អបអរសាទរយ៉ាងកក់ក្តៅបំផុតជូនចំពោះ លោកជំទាវកិត្តិសង្គហបណ្ឌិត ដែលត្រូវបាន ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាទ្រង់សព្វព្រះរាជ ហឫទ័យប្រោសព្រះរាជទាននូវគោរមងារជា «សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន» តាមព្រះរាជក្រឹត្យ លេខ នស/រកត/០៤២៣/៦១៤ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣។
សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បានបន្ដថា ការទទួលបាននូវគោរមងារដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមបំផុតចំពោះ កិច្ចខិតខំប្រឹងប្រែងមិនខ្លាច នឿយហត់របស់ សម្ដេចកិត្តិសង្គហបណ្ឌិត ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី និងពេលវេលា ក្នុងការបំពេញបេសកកម្មពោរពេញដោយគុណធម៌និងជាគំរូវីរភាពដ៏ប្រពៃថ្លៃថ្លារួមចំណែកគាំពារ ថែរក្សា ការពារសន្តិភាព ជាពិសេសចូលរួមយ៉ាងសកម្មបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ប្រកបដោយទឹកចិត្តបរិសុទ្ធ ជ្រះថ្លា នាំមកនូវវឌ្ឍនភាពជាតិ កិត្យានុភាពជាតិ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។
ជាថ្មីម្ដងទៀត សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ក៏សូមបួងសួងដល់គុណ្យបុណ្យព្រះរតនត្រ័យកែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយ ថែរក្សា និងប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូនចំពោះសម្ដេចកិត្តិសង្គហបណ្ឌិត ព្រមទាំងក្រុមគ្រួសារ បុត្រាបុត្រី ចៅប្រុសចៅស្រីទាំងអស់ សូមបានប្រកបនឹងព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕