(បន្ទាយមានជ័យ)៖ ដើម្បីពន្លឿនការប្រថាប់ត្រាលិខិតឆ្លងដែនជូនពលករកម្ពុជា ធ្វើដំណើរចូលមកលេងកម្សាន្ដនារដូវចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឲ្យបានរហ័ស និងទាន់ពេលវេលា កាត់បន្ថយការរង់ចាំយូរ នៅច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក។
អនុវត្តតាមការណែនាំរបស់លោកឧត្ដមសេនីយ៍ត្រី អ៉ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្ដរជាតិប៉ោយប៉ែត និងដោយមានការឯកភាពពីភាគីថៃ ក្រុមការងាររបស់ប៉ុស្តិ៍ សហការជាមួយអាជ្ញាធរក្រុង បានយករថយន្តដឹកជញ្ជូនពលករខ្មែរ ដែលមកដល់ច្រកទ្វារព្រំដែនអន្តរជាតិខ្លងលឹក ហើយរង់ចាំយូរដោយមូលហេតុមកពីនគរបាលអន្តោប្រវេសន៍ថៃ នៅច្រកទ្វារផ្ដល់ទិដ្ឋាការ RE-ENTRY PERMIT ជូនគាត់មិនទាន់ (ម៉ាស៊ីនមានតែមួយ)។
ដូចនេះ ដើម្បីផ្ដល់ទិដ្ឋាការ RE-ENTRY PERMIT ជូនគាត់ឲ្យបានលឿនក្រុមការងារ បានដឹកពួកគាត់ត្រឡប់ទៅស្រុកអារញ្ញប្រាថេតវិញ ដើម្បីធ្វើទិដ្ឋាការ RE-ENTRY PERMIT ជូនគាត់នៅទីនោះមួយកន្លែងទៀត។ អនុវត្តរបៀបនេះងាយស្រួលដល់ពួកគាត់ នៅពេលដែលគាត់បានទិដ្ឋាការ RE-ENTRY PERMIT នេះហើយ ពេលមកដល់ច្រកទ្វារគ្រាន់តែនគរបាលអន្តោប្រវេសន៍ថៃ ប្រថាប់ត្រាលិខិតឆ្លងដែនចេញជូនគាត់ជាការស្រាច់។
សូមបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី អ៉ី ចំរើន ក្រៅពីការជួយសម្របសម្រួលគ្រប់មធ្យោបាយ បានចាត់ចែងឲ្យប៉ុស្តិ៍ចែកបាយ និទឹកសុទ្ធដល់ពួកគាត់ ដែលធ្វើដំណើរមកដល់ច្រកទ្វារខ្លងលឹក ជាបន្តបន្ទាប់ដោយមិនគិតពីចំនួនឡើយ៕