(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមកាងារចុះមូលដ្ឋានស្រុកកំពង់ស្វាយ បាន អញ្ជើញសម្ពោធសមិទ្ធិផលនានាក្នុងវត្តព្រះបុទមពោធិរាជ្យ (ហៅវត្តព្រះវិហារខ្ពស់) នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ

ខេត្តកំពង់ធំ រសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣។

លោកស្រីបានលើកឡើងថា សមិទ្ធផលនានាកើតឡើងដោយសារតែ ការរក្សាបានសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយនិងជាការឆ្លុះបញ្ចាំងឲ្យឃើញពីជំនឿយ៉ាងខ្ជាប់ខ្ជួននិងការគោរពប្រតិបត្តិដ៏ប្រពៃចំពោះព្រះពុទ្ធសាសនារបស់ប្រជាជនកម្ពុជា ហើយបានបង្ហាញនូវការគាំទ្ររបស់បងប្អូនចំពោះរាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចតេជោនាយករដ្ឋមន្ត្រីផងដែរ។

លោកស្រីបានលើកឡើងថា រាល់សមិទ្ធផលដែលបានកសាងនិងសមិទ្ធផលនានា កើតមានក្នុងវត្តព្រះបុទមពោធិរាជ្យ (ហៅវត្តព្រះវិហារខ្ពស់) អាស្រ័យមានសម្ដេចប្រមុខដឹកនាំល្អដូចជាសម្ដេចទាំង២មានសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចទាំងពីរតែងតែគិតគូរពីសុខទុក្ខប្រជាជនជានិច្ច។

លោកស្រីបានថ្លែងនូវការកោតសរសើរយ៉ាងក្រៃលែង ចំពោះសប្បុរសជនទាំងអស់ដែលបានរួមចំណែកផ្ដល់ វិភាគទានដល់ការកសាងសមិទ្ធផលឲ្យចេញជារូបរាងឡើងតាមគន្លងព្រះពុទ្ធសាសនា។ ក្នុងនោះមានការគោរពសេរីភាពខាងជំនឿ និងសាសនា ការលើកស្ទួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងគាំទ្រការគោរពប្រតិបត្តិសាសនាដទៃទៀត។

ក្នុងកម្មវិធីនោះដែរ លោកស្រីបានប្រគេនបច្ច័យសម្រាប់កសាងមួយចំនួនផងដែរ៕