(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្ត នាថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ បានក្រើនរំលឹកដល់កម្មករ កម្មការិនី និងបុគ្គលិកសុខាភិបាលទាំងអស់ត្រូវគិតពីផលប្រយោជន៍ជាតិជាធំ ព្រោះប្រមុខរាជរដ្ឋាភិបាលបានខិតខំកសាងសមិទ្ធផលជាច្រើន ក្នុងនោះក៏មានខេត្តពោធិ៍សាត់ផងដែរ ដូច្នេះត្រូវតែខិតខំថែរក្សាការពារសមិទ្ធផលនោះឲ្យបានគង់វង្សយូរអង្វែង។
លោកបានលើកឡើងបែបនេះក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី និងបុគ្គលិកសុខាភិបាល ក្នុងក្រុងពោធិ៍សាត់សរុប១៤៦៦នាក់ នៅស្នាក់ការគណបក្សខេត្ត នាឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំថោះ បញ្ចស័ក មហាស័ករាជ១៩៤៥ ចុល្លសករាជ១៣៨៥។
លោក ខូយ រីដា បានថ្លែងថា រោងចក្រទាំងអស់នៅកម្ពុជា ក្នុងនោះក៏មាននៅក្នុងខេត្តពោធិ៍សាត់ផងដែរ មិនចេះតែកើតមានបាននោះទេ បើគ្មានសុខសន្តិភាព និងស្ថិរភាព។ រោងចក្រ សហគ្រាស ក្រុមហ៊ុន ទាំងរដ្ឋ និងឯកជន បើគ្មានការខិតខំពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានកៀរគរវិនិយោគទេនោះ ក៏គ្មានរោងចក្រដ៏ធំនេះបានរហូតមកដល់សព្វថ្ងៃបានដែរ ហើយកូនចៅប្រជាជនប្រឈមទៅនឹងគ្មានការងារធ្វើធ្លាក់ក្នុងស្ថានភាពក្រីក្រ។
លោកបានថ្លែងទៀតថា រោងចក្រជាច្រើនកន្លែងនៅក្នុងខេត្ត ធ្វើឲ្យកូនចៅប្រជាពលរដ្ឋក្នុងខេត្ត និងក្រៅខេត្តរាប់ពាន់នាក់ មានការងារធ្វើ និងទទួលបានប្រាក់កម្រៃសម្រាប់ផ្គត់ផ្គងក្រុមគ្រួសារ ធ្វើឲ្យជីវភាពកាន់តែប្រសើរឡើង។
លោកក៏សូមឲ្យកម្មករ កម្មការិនី និងបុគ្គលិកសុខាភិបាល ក្នុងក្រុងពោធិ៍សាត់ គប្បីផ្តល់នូវគុណតម្លៃឲ្យគ្នាទៅវិញទៅមក បើមានបញ្ហាប្រឈមអ្វីមួយនោះ នៅមានរដ្ឋបាលខេត្ត ក្រុមការងារគ្រប់ផ្នែកគ្រប់ថ្នាក់ជាអ្នកសម្របសម្រួល និងដោះស្រាយឲ្យបានទាន់ពេលវេលា។
ជាមួយគ្នានោះ លោកក៏បានស្នើដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាលគ្រប់ជាន់ថ្នាក់ត្រូវពង្រឹងប្រសិទ្ធភាព និងសមត្ថភាពការងារ តាមក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួនប្រកបដោយការសណ្តោសប្រណី និងត្រូវចងចាំថា «ពាក្យសម្តី និងអាកប្បកិរិយារបស់ពេទ្យ គឺជាឱសថដ៏មានសារៈសំខាន់ក្នុងការព្យាបាលអ្នកជំងឺ»។
នៅក្នុងឱកាសនោះ លោកក៏បានចែកជូនវត្ថុកំដរដៃដល់កម្មករ កម្មការិនី និងបុគ្គលិកសុខាភិបាលទាំង១៤៦៦នាក់ ដោយក្នុងម្នាក់ៗទទួលបានសារុង១ ទឹកក្រូច២ដបធំ និងថវិកាមួយចំនួនស្នើៗគ្នា៕