(ភ្នំពេញ)៖ ក្រោមការយកចិត្តទុកដាក់ពីអភិបាលរាជធានីភ្នំពេញ មានការណែនាំឲ្យមានរៀបចំសង្ក្រាន្តឆ្នាំថ្មី តាមអង្គភាព ស្ថាប័ន ដើម្បីបង្កលក្ខណៈសប្បាយដល់បងប្អូនប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ កំសាន្តសប្បាយ មជ្ឈមណ្ឌលឱកាសខ្ញុំ នាសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣នេះ បានរៀបចំសង្ក្រានឆ្នាំថ្មីជាតិ ជូនដល់ក្មួយៗ រងគ្រោះ កំពុងទទួលការព្យាបាល បានសប្បាយរីករាយផងដែរ ។
លោកស្រី មុំ ចាន់ដានី បានសម្ដែងមោទកភាព ដែលបានរៀបចំពិធីដ៏មានអត្ថន័យ ហើយដែលឆ្នាំនេះ វាជាគុណតម្លៃដែលតែងតែបានយកចិត្តទុក ដាក់ប្រតិបត្តិជានិច្ច ក្នុងនាមជាកូនខ្មែរ និងពុទ្ធសាសនិកជនខ្មែរ ដែលធ្លាប់មានវប្បធម៌ អរិយធម៌ដ៏រុងរឿង និងល្បីល្បាញ ព្រោះជនជាតិខ្មែរ មានប្រវត្តិធ្វើពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ តាំងពីបុរាណកាលរហូតមក។
លោកស្រី មុំ ចាន់ដានី ប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ ជំនួសមុខក្មួយៗ មន្ត្រីរាជការទាំងអស់ និងអាណាព្យាបាលក្មួយៗ ដែលរងគ្រោះដោយសារគ្រឿងញៀន សូមគោរពថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ថ្នាក់ដឹកនាំរាជធានី ឥស្សរជនជាន់ខ្ពស់ អាជ្ញាធរប្រយុទ្ឋប្រឆាំងគ្រឿងញៀន និងក្រសួងសង្គមកិច្ចទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការផ្តល់ឱកាសព្យាបាល ផ្តល់ឱកាសស្តារនិតិសម្បទាដល់ក្មួយៗទាំងអស់ ។
លោកស្រី មុំ ចាន់ដានី បានបន្តថា នៅរសៀលនេះ មជ្ឈមណ្ឌលក៏មានល្បែងប្រជាប្រិយសម្រាប់កំសាន្តជាច្រើន ដូចជាវាយក្អម លោតបាវ ញាំប៉ិគក់ប្រណាំងគ្នា លាក់កន្សែង ចោលឈូង បោះអង្គុញ រួមនឹងតន្ត្រីរាំកំសាន្ត ពិសេសក៏មានផ្តល់កាដូរអនុស្សាវរីយ៍ជូនដល់ក្មួយៗ ប្អូនៗ ក្នុងលេងល្បែងដណ្តើមជ័យលាភីផងដែរ ។
នៅឆ្នាំនេះរាជរដ្ឋាភិបាល បើកឲ្យមានការចូលរួមអបអរឆ្នាំថ្មី នៅពេលឆ្នាំថ្មីចូលមកដល់ លោកស្រី ព្រមទាំងមន្រ្តីមន្ទីរ បានរៀបចំសង្ក្រាន នៅមណ្ឌលឱកាសខ្ញុំ ជួបជុំគ្នា កំសាន្តសប្បាយនៅក្នុងឆ្នាំថ្មី ឲ្យពរជ័យមង្គល វិបុលសុខគ្រប់ប្រការ ជូនក្មួយៗ ប្អូនៗ រងគ្រោះ ដើម្បីបានឱកាសអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ។
លោក មាស វីរិទ្ឋ បានបញ្ជាក់ថា ដោយសារតែការដឹកនាំប្រកបដោយកិត្តិបណ្ឌិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា មានសុខសន្តិភាព បានខិតខំប្រឹងប្រែងធ្វើអោយមានការលូតលាស់គ្រប់វិស័យ ។
លោក មាស វីរិទ្ឋ បានថ្លែងកោតសរសើរថា ក្រោមការដឹកនាំលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានី និងជាប្រធានគណៈកម្មការត្រួតពិនិត្យគ្រឿងញៀន រាជធានីភ្នំពេញ ជាមួយនឹងលោកស្រី មុំ ចាន់ដានី ដែលជាស្ថាបនិកឆ្នើម នៃមណ្ឌលឱកាសខ្ញុំ បានរៀបចំកិច្ចការងារ និងដំណើរការមណ្ឌលឱកាសខ្ញុំតាំងពីដើមរហូតមកដល់ពេលនេះ ដោយមានការគ្រប់គ្រង និងបានរៀបចំកសាងហេដ្ឋារចនាសម្ព័ន្ឋអោយមានការរីកចំរើនយ៉ាងឆាប់រហ័ស ។
លោកបន្តថា ដោយឡែកនៅថ្ងៃនេះ ដើម្បីចូលរួមអបអរទទួលអំណរឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំ២០២៣នេះ យើងបានរៀបចំសង្ក្រានឆ្នាំថ្មី ។ លោក មាស វីរិទ្ឋ ក៏បានថ្លែងកោតសរសើរលោកស្រី ប្រធានមណ្ឌលឱកាសខ្ញុំ ក្នុងការយកចិត្តទុកដាក់ ក្នុងការមើលថែប្អូនៗ ក្មួយៗ បានល្អ ហើយទទួលបានកោតសរសើរពីថ្នាក់ដឹកនាំ ពីអង្គការអន្តរជាតិផងដែរ ដែលសព្វថ្ងៃនេះមាន ប្អូនៗ ក្មួយៗ ជិត២០០០នាក់ ដែលកំពុងស្នាក់នៅ និងទទួលការព្យាបាលបន្សាបញៀន នៅក្នុងមណ្ឌលឱកាសខ្ញុំ ។
ជាមួយគ្នានេះ លោកសង្ឃឹមថា ប្អូនៗ ក្មួយៗ ឃ្លាតឆ្ងាយ និងបោះបង់ចោលទម្លាប់អាក្រក់ប្រើប្រាស់គ្រឿងញៀន ហើយមានឱកាសទទួលយករបៀបរបប ប្រៀនប្រដៅ របស់អ្នកគ្រប់គ្រងមជ្ឈមណ្ឌល ក៏ដូចទទួលយកនូវពុទ្ឋឱវាទ ដែលបានរៀបចំផ្សព្វផ្សាយកន្លងមក៕