(ភ្នំពេញ)៖ ទារកនឹងកុមារ ចាំបាច់ណាស់ត្រូវទទួលបានការថែទាំ បីបាច់រក្សា ផ្ដល់ភាពកក់ក្ដៅ តែអកុសល ទារក និងកុមារមួយភាគតូច បែបជាកើតមកភ្លាមត្រូវម្ដាយយកទៅបោះបង់ចោល មិនទទួលបានសូម្បីតែការអាណិតស្រលាញ់ និងសុខទុក្ខ រស់ឬក៏ស្លាប់។ ជាក់ស្ដែងទារក និងកុមារជាច្រើនអ្នកដែលរស់នៅអង្គការសង្គ្រោះជនអស់សង្ឃឹម សុទ្ធសឹងតែជាក្មេងត្រូវឪពុកម្ដាយបោះបង់ចោល ខ្លះត្រូវម្ដាយយកទៅចោលនៅធុងសំរាម ខ្លះត្រូវគ្រួសារបោះបង់ចោលព្រោះគ្មានលទ្ធភាពចិញ្ចឹម ហើយខ្លះទៀតឪពុកម្ដាយស្លាប់ចោល ទាំងខ្លួនមិនទាន់បាត់ក្លិនទឹកដោះផង។
តាមការបញ្ជាប់របស់លោកស្រី ម៉ារី អិន ទីប្រឹក្សាអង្គការសង្គ្រោះជនអស់សង្ឃឹម បានឱ្យដឹងទៀតថា «ក្មេងដែលមកនៅស្នាក់ទីនេះ ខ្លះជាកុមារតូច ខ្លះទៀតជាទារកទើបនឹងកើត ដែលគេយកមកបោះបង់ចោល ខ្លះដោយសារឪពុកសម្លាប់ម្ដាយ ទុកឱ្យកូននៅកំព្រា យើងបានយកមកចិញ្ចឹម ខ្លះទៀតម្ដាយជួបបញ្ហាច្រើនទៅជាប្រសៃប្រសាទ កូននៅតូចគ្មានទីពឹង, ឯខ្លះទៀតគ្រួសារគ្មានលទ្ធភាព ខ្លះម្ដាយឪពុកស្លាប់ចោល និងម្ដាយញៀនគ្រឿងញៀន សម្រាលកូនមកទុកចោល យើងរើសមកចិញ្ចឹម»។
លោកស្រីបន្ដថា នៅមណ្ឌលនេះ គឺមានកន្លែងស្នាក់នៅ អាហារ និងផ្ដល់ការសិក្សា ដោយទទួលបានការឧបត្ថម្ភ ពីសប្បុរសជនក្រៅ និងក្នុងប្រទេស ជាពិសេសគឺសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា គឺតែងតែជួយឧបតម្ថម្ភជាបន្ដបន្ទាប់ជាស្បៀង សម្ភារៈសិក្សា ថវិកា និងរៀបចំអាហារដ៏ឈ្ងុញឆ្ងាញ់មួយពេលជារៀងរាល់ឆ្នាំ ។ ជាក់ស្ដែងនៅថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត បានចាត់លោកស្រី ម៉ែន នារីសោភ័គ ចុះមកសួរសុខទុក្ខ ដោយភ្ជាប់មកជាមួយនូវស្បៀងអាហារ និងថវិកា ពិសេសបានរៀបចំអាហារមួយពេលជូនដល់បុគ្គលិក និងកុមារកំព្រា តូចធំ ប្រមាណ៣៥០នាក់ នៅអង្គការសង្គ្រោះជនអស់សង្ឃឹម នៅមណ្ឌលទី១ ភូមិលិចវត្ត សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
«នេះបានបង្ហាញឱ្យឃើញថា ទោះសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មិនបានអញ្ជើញមកដោយផ្ទាល់ ដូចគ្រាកន្លងមកក្ដី តែទឹកចិត្ដបេះដូង របស់សម្ដេច តែងតែគិតគូរ នឹករលឹកដល់ពួកយើងជានិច្ច។ ខ្ញុំពិតជាស្រលាញ់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន យ៉ាងខ្លាំង លោកគឺនៅក្នុងបេះដូងពួកខ្ញុំទាំងអស់គ្នា»។ នេះតាមការបញ្ជាក់ពីលោកស្រី ម៉ារី អិន។
លោកស្រី ម៉ារី អិន ជាជនបរទេសម្នាក់ ដែលបានមកនៅកម្ពុជាជិត៣០ឆ្នាំ ដើម្បីជួយដល់កុមារងាយរងគ្រោះបំផុត និងចាស់ជរាគ្មានទីពឹងនៅកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍ថា «មកទល់ពេលនេះ ខ្ញុំបានមើលឃើញប្រទេសកម្ពុជា មានការរីកចម្រើនច្រើនណាស់ គឺខុសស្រឡះពីជិត២០ឆ្នាំមុន តាំងពីអគារខ្ពស់ សាលារៀន មន្ទីរពេទ្យ និងផ្លូវថ្នល់ជាដើម ហើយកម្ពុជាមានសន្ដិភាពល្អ ខ្ញុំចូលចិត្ដរស់នៅទីនេះ និងស្រលាញ់កម្ពុជាខ្លាំង»។
អង្គការខាងលើនេះ បានបង្កើតដើម្បីជួយដល់ជនងាយរងគ្រោះបំផុត ដូចជាកុមារកំព្រា ចាស់ជរាគ្មានទីពឹង ពិសេសអ្នករងគ្រោះដោយគ្រួសារ ផ្ទុកមេរោគអេដស៍។
សូមជម្រាបថា ក្នុងឱកាសដែលលោកស្រី ម៉ែន នារីសោភ័គ ចុះមកសួរសុខទុក្ខនៅថ្ងៃនេះ លោកស្រីបាននាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខរបស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ក្មួយៗចៅៗ គឺត្រូវចេះសាមគ្គីភាពគ្នា ស្រលាញ់គ្នាដូចបងប្អូន ក្នុងគ្រួសារតែមួយ ក្រោមដំបូលរបស់អង្គការ និងត្រូវខិតខំរៀនសូត្រ ពិសេសត្រូវរស់នៅជាពលរដ្ឋល្អ សិស្សល្អ កូនល្អ ចៀសឆ្ងាយពីគ្រឿងញៀន ព្រោះកុមារមួយចំនួន ក៏ធ្លាប់ឃើញឪពុកម្ដាយ និងក្រុមគ្រួសារ ជួបផលអាក្រក់ដោយសារគ្រឿងញៀនេះហើយ ដូច្នេះសូមចៀសឱ្យផុត និងកុំប្រើអំពើហិង្សាក្នុងគ្រួសារ និងត្រូវអភិវឌ្ឍខ្លួនឱ្យទៅជាធនធានដ៏ល្អសម្រាប់ប្រទេសជាតិយើង។
លោកស្រី ម៉ែន នារីសោភ័គ ក៏បានបញ្ជាក់ថា កាកបាទក្រហមកម្ពុជា បានជួយបឧបត្ថម្ភដល់អង្គការសង្គ្រោះជនអស់សង្ឃឹម តាំងពីឆ្នាំ២០១៤មកម្លេះ និងបានរៀបចំអាហារដ៏ឈ្ងុញឆ្ងាញ់ ជូនដល់កុមារ និងបុគ្គលិកនៅទីនេះ ជាលើកទី១០ ចាប់ពីឆ្នាំ២០១៣-២០២៣នេះ។។ ចំពោះអាហារនៅថ្ងៃនេះ មានបាយម្ហូប ចំនួន ៤៥តុ ដោយមានសម្លម្ជូរគ្រឿងឆ្អឹងជំនីជ្រូក, ត្រីបំពងឆាជូនអែម, ឡុកឡាក់សាច់គោ, បាយឆា, បង្អែមខ្មែរ ។
សម្រាប់អំណោយមនុស្សធម៌ ដែលកាកបាទក្រហមកម្ពុជាបានផ្ដល់ជូនដល់អង្គការនេះរួមមាន៖ អង្ករ ៣តោន, មី ៣០កេស, ត្រីខ ៥កេសធំ, ទឹកក្រូច ២៥កេស, ទឹកបរិសុទ្ធ ២៥កេស, ទឹកស៊ីអ៊ីវ ១០យួរ, ទឹកត្រី ១០យួរ, ប្រេងឆា ៣កេស, សាប៊ូដុសខ្លួន ១៥កេស និងថវិកា ២០លានរៀល៕