(កណ្តាល)៖ លោកបណ្ឌិត កៅ ថាច ប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកខ្សាច់កណ្ដាល តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកណ្តាល និងជាប្រធានគណៈអចិន្ត្រៃយ៍ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកខ្សាច់កណ្តាល ស្រុកល្វាឯម និងស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៣ បានចូលរួមជាអធិបតីក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជា និងសំណេះសំណាលជាមួយយុវជនគណបក្សប្រជាជនកម្ពុជា (CPP) ស្រុកខ្សាច់កណ្ដាល ដែលប្រព្រឹត្តទៅតាមកម្មវិធីចំនួន២ ដាច់ដោយឡែកពីគ្នា ដោយមានការចូលរួមពី អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុក ប្រធាន-អនុប្រធានក្រុមការងារចលនាយុវជនរបស់ក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំ សមាជិកសមាជិកាក្រុមការងារយុវជនស្រុក-ឃុំ និងសមាជិកសមាជិកាក្រុមការងារយុវជនទាំង៤ឃុំ ដែលប្រកាសបញ្ចូលជាសមាជិកបក្សថ្ងៃនេះសរុបចំនួន ៧៨០នាក់។

កម្មវិធីរួមមាន៖

*ទី១ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកោះចូរ៉ាម និងកម្មវិធីនៅ
*ទី២ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំព្រះប្រសប់។

សមាជិកសមាជិកាជាយុវជន ដែលបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានាពេលនេះ មាន៤ឃុំ សរុបចំនួន ៧៣២ នាក់ ក្នុងនោះឃុំតាឯកចំនួន ៨៦ នាក់, ឃុំកោះចូរ៉ាមចំនួន ២០៩ នាក់, ឃុំស្វាយរមៀតចំនួន ៨៦ នាក់, និងឃុំព្រះប្រសប់ចំនួន ៣៥១ នាក់។

ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច បានថ្លែងនូវការអបអរសាទរចំពោះសមាជិកសមាជិកាជាយុវជន ដែលបានបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជានាពេលនេះ។

លោកបណ្ឌិតបានរំលឹក និងជម្រាបជូនក្មួយៗជាយុវជនដែលជាសមាជិកបក្សថ្មី អំពីប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលបានចាប់បដិសន្ធិឡើងតាំងពីឆ្នាំ១៩៥១ ហើយលោកបណ្ឌិតក៏បានស្នើដល់ក្មួយៗជាយុវជនដែលជាសមាជិកគណបក្សទាំងអស់ (ទី១)ត្រូវខិតខំសិក្សារៀនសូត្រ ពិសេសសិក្សាស្វែងយល់អំពីប្រវត្តិ បុព្វហេតុ លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងរបស់គណបក្ស និងកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីបង្កើននូវសមត្ថភាពចំណេះដឹង(ទី២)ត្រូវចូលរួមថែរក្សាការពានូវសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសសុខសន្តិភាពឱ្យបានជាដាច់ខាត (ទី៣)គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តី និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់គនាគត (ទី៤)ត្រូវខិតខំកសាងអំពីល្អឱ្យបាន ច្រើន ចូលរួមសកម្មភាពលេងកីឡា ចៀសឆ្ងាយពីគ្រឿងញៀន អំពើអបាយមុខគ្រប់ប្រភេទ និងចូលរួមសកម្មភាពការងារសង្គម ការងារមនុស្សធម៌ និងការងារបរិស្ថាន ដូចជាដាំដើមឈើ និងសម្អាតអនាម័យបរិស្ថានទីតាមទីសាធារណៈ (ទី៥) ត្រូវចូលរួមការងារបោះឆ្នោត ដូចជា ការងារឃោសនា និងសង្កេតការណ៍។ល។ និង(ទី៦)ត្រូវចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នានាពេលខាងមុខ។

បន្ថែមលើនេះ លោកបណ្ឌិត ក៏បានជម្រាបជូនអំពីការរៀបចំការប្រកួតកីឡា SEA Games និង ASEAN Para Games នៅឆ្នាំ២០២៣នេះ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ហើយបានលើកទឹកចិត្តដល់យុវជនឱ្យទៅចូលរួមទស្សនាឱ្យបានច្រើនកុះករ ដោយសម្តេចតេជោនាយករដ្ឋមន្រ្តី បានសម្រេចអនុញ្ញាតឱ្យប្រជាពលរដ្ឋខ្មែរ និងជនបរទេសទាំងអស់ អាចចូលរួមទស្សនាដោយសេរី និងទទួលបានសំបុត្រដោយមិនគិតថ្លៃ ក្នុងពិធីបើក ពិធីបិទ និងរាល់ការប្រកួតគ្រប់ប្រភេទវិញ្ញាសាកីឡាទាំងអស់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះដែល លោកបណ្ឌិត ក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនដល់គណបក្សឃុំទាំង៤ និងសមាជិកសមាជិកបក្សទាំងអស់ដែលបានចូលរួមក្នុងកម្មវិធីផងដែរ៕